មនុស្សជាង ១០០នាក់ ស្លាប់នៅហ្កាហ្សា ខណៈអាមេរិក ហៅថាជាការវាយប្រហារដ៏រន្ធត់
‘ប្រភពពីក្រុមគ្រូពេទ្យបានប្រាប់សារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថាមនុស្សយ៉ាងតិច ១១៥នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ (២៩ តុលា) ដោយក្រសួងសុខាភិបាលហ្កាហ្សា និយាយថាតួលេខនោះរួមមានជនជាតិប៉ាឡេស្ទីនប្រហែល ១០៩នាក់ស្លាប់ និងរាប់សិបនាក់របួសក្នុងការវាយប្រហារលើអគារលំនៅដ្ឋានមួយកន្លែងនៅភាគខាងជើងនៃទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) ហើយសហរដ្ឋអាមេរិក បានហៅហេតុការណ៍នេះថា “គួរឱ្យរន្ធត់”។
ក្រសួងសុខាភិបាលនៃដែនដីនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមអ្នកការពារស៊ីវិលមិនអាចទៅដល់ពួកគេបានទេ”។ ក្រុមគ្រូពេទ្យនិយាយថា មានកុមារយ៉ាងតិច ២០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេ ប៉ុន្តែយោធាតែងចោទសួរពីតួលេខអ្នកស្លាប់ដែលចេញផ្សាយដោយការិយាល័យព័ត៌មានគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ ដោយនិយាយថាពួកគេតែងតែបំភ្លើស។
សម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះចំនួនអ្នកស្លាប់ និងរបួសដ៏ខ្ពស់នេះ ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានហៅថាជា “ឧប្បត្តិហេតុដ៏រន្ធត់ជាមួយនឹងលទ្ធផលដ៏រន្ធត់”។ លោក Miller បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីអាមេរិកបានទាក់ទងទៅរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីសួរនាំពីអ្វីដែលបានកើតឡើង ដោយបន្ថែមថា លោកក៏បានដឹងអំពីរបាយការណ៍ដែលថាអ្នកស្លាប់ភាគច្រើនគឺជាកុមារ៕

Leave a Reply