[UPDATE] អេស្ប៉ាញកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៦០នាក់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ

ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៨នាក់ ពីចំនួន៩៥នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអេស្ប៉ាញជាច្រើនជំនាន់មិនធ្លាប់មាន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។

កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកសង្គ្រោះជាង១.២០០នាក់ដោយមានជំនួយពីយានដ្រូនផង ត្រូវបានបញ្ជូនទៅបេសកកម្មជួយសង្គ្រោះ ស្របពេលភ្លៀងនៅតែបន្តគំរាមកំហែងផ្នែកខ្លះនៃប្រទេសនេះ។

លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រាប់ជនរងគ្រោះក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ថា ឥឡូវនេះអ្វីដែលសំខាន់បំផុត គឺត្រូវជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនដែលរងគ្រោះខ្លាំងបំផុតក្នុងទឹកជំនន់កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមអ្នកសង្រ្គោះនៅតែបំពេញភារកិច្ចក្នុងការស្រង់សាកសពចេញពីល្បប់ និងកម្ទេចកម្ទីផ្សេងៗ។

ការស្លាប់យ៉ាងហោចណាស់ ១៥៥ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង បាឡេនសៀ(Valencia) ខណៈ ពីរនាក់ទៀតត្រូវបានកត់ត្រានៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La Mancha) នៅភាគខាងលិចនៃខេត្ត បាឡេនសៀ និងម្នាក់ទៀតជាបុរសជនជាតិអង់គ្លេសនៅសហគមន៍ អង់ដាលូសៀ( Andalusia) ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *