បក្សប្រជាធិបតេយ្យ ត្រៀមផែនការទប់ទល់ក្នុងករណីលោក Trump ប្រកាសឈ្នះឆ្នោតមុនកំណត់

យុទ្ធនាការរបស់លោកស្រី Kamala Harris និងក្រុមមន្ត្រីបក្សបានប្រាប់សារព័ត៌មានរ៉យទ័រថា សមាជិកបក្សប្រជាធិបតេយ្យ កំពុងត្រៀមខ្លួនរួចជាស្រេចនូវការឆ្លើយតបយ៉ាងឆាប់រហ័សលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមរលកធាតុអាកាស ជាមួយនឹងការអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ជុំវិញការរាប់សន្លឹកឆ្នោត ប្រសិនបើលោក Donald Trump ព្យាយាមអះអាងជ័យជម្នះក្នុងការបោះឆ្នោតមុនពេលកំណត់ដូចដែលលោកបានធ្វើក្នុងឆ្នាំ២០២០។

បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Trump បានប្រាប់អ្នកសារព័ត៌មានក្នុងសប្តាហ៍នេះថា លោកសង្ឃឹមថានឹងអាចប្រកាសជ័យជម្នះនៅថ្ងៃបោះឆ្នោត ទោះបីជាក្រុមអ្នកជំនាញខាងការបោះឆ្នោតបានព្រមានថា ត្រូវចំណាយពេលច្រើនថ្ងៃដើម្បីដឹងលទ្ធផលចុងក្រោយ ជាពិសេសប្រសិនបើមានការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងតំបន់សំខាន់មួយចំនួន។ សូមបញ្ជាក់ថា លោក Trump បានជាប់គាំងក្នុងការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតជាមួយគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី Harris។

អ្នកឈ្នះការបោះឆ្នោតអាមេរិក ជាធម្មតាត្រូវបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយធំៗដែលវិភាគចំនួនសន្លឹកឆ្នោតផ្តល់ដោយមន្ត្រីបោះឆ្នោត។ ខណៈដែលពេលខ្លះបេក្ខជនប្រកាសពីជ័យជម្នះមុនពេលការប្រកាសទាំងនោះក៏ដោយ ការធ្វើដូច្នេះជារឿងមិនធម្មតាទេព្រោះការអះអាងទាំងនោះភាគច្រើនមិនផ្លូវការ។

លោកស្រី Harris មិនបានផ្តល់ព័ត៌មានលម្អិតពីផែនការត្រៀមទប់ទល់ទាំងនោះឡើយ ប៉ុន្តែមន្ត្រីយុទ្ធនាការ និងសមាជិកបក្សប្រជាធិបតេយ្យ ៦នាក់និយាយថា ការទប់ទល់នឹងការអះអាងជ័យជម្នះមុនពេលកំណត់របស់លោក Trump នឹងធ្វើឡើងនៅក្នុងតុលាការមតិសាធារណៈ។ ពួកគេក៏គ្រោងនឹងចាត់វិធានការតាមព័ន្ធផ្សព្វផ្សាយសង្គម និងកញ្ចក់ទូរទស្សន៍ដោយទាមទារឱ្យមានការរាប់សន្លឹកឆ្នោតទាំងអស់ជាមុនសិន មុនពេលប្រកាសជ័យជម្នះ៕