លោក Trump មានប្រៀបលើលោកស្រីHarris ក្នុងការបោះឆ្នោតឆ្នាំ២០២៤

យោងតាមការចុះផ្សាយរបស់ព័ត៌មាននានា លទ្ធផលបឋមលោក Trump នាំមុខលោកស្រី Harris ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត។

ឥឡូវនេះការិយាល័យបោះឆ្នោតបានបិទនៅក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋប្រទាញប្រទង់គ្នាខ្លាំង ចចា (Georgia) ផងដែរ។ លោកស្រី Kamala Harris ត្រូវបានព្យាករណ៍ថានឹងឈ្នះនៅរដ្ឋ វ៉ើម៉ុន (Vermont) ហើយលោកTrump ត្រូវបានគេព្យាករណ៍ថានឹងឈ្នះរដ្ឋ ខិនថាក់គី (Kentucky) និង រដ្ឋ អ៊ីនឌាណា (Indiana) ។

ពិភពលោកកំពុងរង់ចាំមើល ខណៈការបោះឆ្នោតជិតបញ្ចប់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។លោក Donald Trump និងលោកស្រី Kamala Harris ស្ថិតក្នុងការប្រជែងគ្នាយ៉ាងតឹងរ៉ឹង និងប្រកៀកប្រកិតគ្នាបំផុតប្រជែងគ្នាសម្រាប់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះកៅអីសេតវិមាន។

ការបោះឆ្នោតមុនកាលកំណត់ គឺមានប្រជាប្រិយភាពខ្លាំងនៅឆ្នាំនេះដោយ៧៥ លាននាក់ក្នុងចំណោម ១៦១ លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត និងបានបោះឆ្នោតរួចហើយ។

យោងតាមការបង្ហាញក្រោយការបោះឆ្នោតរួចនៅតាមមណ្ឌលមួយចំនួន ស្ថានភាពសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យបច្ចុប្បន្ន គឺជាបញ្ហាដ៏ធំបំផុតសម្រាប់ម្ចាស់ឆ្នោតអាមេរិក ៕