លោក Zelenskiy៖ កងទ័ពកូរ៉េខាងជើង បានបាត់បង់នៅក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពកូរ៉េខាងជើង បានស្លាប់និងរងរបួសនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរបស់ទីក្រុងគីវ ហើយទាហានមួយចំនួនក្នុងចំណោមទាហាន១១.០០០នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk របស់រុស្ស៊ីបានចូលរួមក្នុងការប្រយុទ្ធ។

មេដឹកនាំអ៊ុយក្រែន ក្នុងសន្និសីទសារព័ត៌មាន នៅឯកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប នៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រី បាននិយាយថា លោកជឿជាក់ថា ទាហានកូរ៉េខាងជើងបន្ថែមទៀតនឹងត្រូវបានដាក់ពង្រាយនៅខាងភាគីរុស្ស៊ី។

ដោយឆ្លើយសំណួរអំពីបទឈប់បាញ់ជាមួយរុស្ស៊ី លោក Zelenskiy បាននិយាយថា ការពិភាក្សាអំពីការណែនាំបទឈប់បាញ់ដោយពុំមានការព្រមព្រៀងជាមុននូវការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នឹង «បំផ្លាញដល់ឯករាជ្យភាព និងដែនអធិបតេយ្យភាពរបស់យើង»។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «បទឈប់បាញ់ នៅពេលដែលគ្មានការធានាបានសន្តិសុខ គឺជាការត្រៀមសម្រាប់ការបន្តការចូលឈ្លានពាន»។

លោក Zelenskiy និយាយថា លោកមិនបានដឹងអំពីព័ត៌មានលម្អិតណាមួយនៃផែនការរបស់លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សនោះទេ ហើយលោកក៏ពុំទាន់បានពិភាក្សាអំពីរឿងនេះ ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក នៅឡើយដែរ។

មេដឹកនាំអ៊ុយក្រែន បាននិយាយថា លោកជឿថា លោក Trump មានបំណងបញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័ស ប៉ុន្តែនេះ ពុំមានន័យថា វាចាំបាច់ត្រូវតែកើតឡើងនោះទេ។