លោក Zelensky និយាយថា អ៊ុយក្រែនកំពុងប្រយុទ្ធជាមួយទាហាន ៥០.០០០ នាក់នៅតំបន់ Kursk របស់រុស្ស៊ី

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថារុស្ស៊ី បានដាក់ពង្រាយទាហានជិត៥០.០០០នាក់ទៅកាន់តំបន់ឃើស (Kursk)ភាគខាងត្បូងនៃប្រទេសរុស្ស៊ីជាទីដែលកងទ័ពទីក្រុងKyivបានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅកន្លងទៅ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គម Telegram ក្រោយទទួលសេចក្ដីរាយការណ៍ពីលោកឧត្តមសេនីយ៍ Oleksandr Syrskyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថាកងទ័ពអ៊ុយក្រែនបន្តរារាំងក្រុមសត្រូវដ៏ខ្លាំងក្លាជិត៥០.០០០នាក់ក្នុងតំបន់ Kursk។

ទីក្រុង Kyiv បានបើកការលុកលុយរបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីខែសីហា ដោយបានធ្វើឱ្យមានការភ្ញាក់ផ្អើលមិនត្រឹមតែទីក្រុងមូស្គូប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តផងដែរ។

អ៊ុយក្រែន បាននិយាយនៅពេលនោះថា ប្រតិបត្តិការនេះគឺចាំបាច់ ព្រោះរុស្ស៊ីបាននឹងកំពុងរៀបចំផែនការវាយប្រហារថ្មីលើអ៊ុយក្រែនពីតំបន់នេះ ។កងទ័ពអ៊ុយក្រែនបាននិយាយថា ខ្លួនមានបំណងបង្កើតតំបន់ទ្រានាប់ ដើម្បីទប់ស្កាត់ការវាយប្រហារឆ្លងព្រំដែននាពេលអនាគត។

អ៊ុយក្រែនបានវាយរុលចូលជ្រៅយ៉ាងឆាប់រហ័សទៅក្នុងទឹកដីរុស្ស៊ី ហើយចាប់តាំងពីនោះមកបានបន្តគ្រប់គ្រងលើផ្ទៃដីរុស្ស៊ីរាប់រយម៉ាយក្រឡា។ ហើយខណៈរុស្ស៊ីបានអះអាងពីការដណ្ដើមគ្រប់គ្រងមកវិញលើភូមិមួយចំនួន បន្ទាត់នៃការគ្រប់គ្រងបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕