ក្រសួងវប្បធម៌ ផ្តល់ឱកាសសម្រាប់យុវជន សិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការ​ជាមួយ Cambodia Film Commission និងCINÉ HUB រៀបចំ​វគ្គបណ្តុះបណ្តាល​ភាពយន្តខ្លី​កម្ពុជា២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែល​បាន​ចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា តាមរយៈការបណ្តុះបណ្តាលជំនាញនេះ យើង​មានធនធានយុវជនថ្មីៗ ដែលបានបោះជំហានចូលក្នុងវិស័យភាពយន្តកម្ពុជា។ ថ្វីត្បិតថា​ការ​បណ្តុះ​បណ្តាលមានរយៈពេលខ្លី ក៏ប៉ុន្តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញ​បណ្តុះ​គំនិត គិតស្រលាញ់របស់យុវជន ពិសេសផ្តល់ឱកាសជាលក្ខណៈបច្ចេកទេសភាព ហើយ​បោះ​ជំហាន​ចូល​ក្នុងការផលិតភាពយន្តទាំងខ្នាតខ្លី និងខ្នាតវែង នាពេលខាងមុខ។
លោក ប៉ុក បូរក្ស បញ្ជាក់ថា «នេះជាឆ្នាំទី៧ ដែលយើងរៀបចំធ្វើវគ្គ​បណ្តុះបណ្ដាល​ភាព​យន្តខ្លី​កម្ពុជា​២០២៤ (Cambodia Film Lab 2024) ហើយជារៀងរាល់ឆ្នាំ​យើង​មាន​ការ​ដាក់​ពាក្យ​ចូល​រួម​ច្រើន ឆ្នាំទៅម៉ិញមានរហូតដល់ទៅជាង២០០នាក់ ប៉ុន្តែយើងជ្រើសរើស(Select) យក​តែ​៣០នាក់ ព្រោះយើងដឹងហើយថា នៅពេលដែលយើងរៀន យើងមិនអាច Cover ទៅលើ​មនុស្ស​ទាំង​អស់​គ្នា​បាននោះទេ។ ដោយទី១ ទាក់ទងទៅនឹងទំហំលទ្ធភាព ហើយនឹងពេលវេលា​លើការ​បណ្តុះ​បណ្តាល។ ដូច្នេះយើងមានការកម្រិតនៅចំនួន ហើយឆ្នាំនេះទៀតសោត គឺយើងកំពុងតែ​ធ្វើ​ការ​ប្រកាស​ជ្រើសរើសយុវជនរបស់យើង ឲ្យចូលរៀន ក្នុងឆ្នាំ២០២៤ គម្រោងនៃការបណ្តុះ​បណ្តាល​​នេះ​ចាប់ផ្តើមនាពាក់កណ្តាលខែកក្កដា រហូតដល់ខែតុលា មានន័យថា យើង​បណ្តុះ​បណ្តាល​​មានរយៈពេល៣ខែ នៅលើមុខជំនាញសំខាន់ៗ ក្នុងការផលិតភាពយន្ត ដែលផ្តោតជា​សំខាន់​ដំបូង គឺការសរសេរអត្ថបទនិពន្ធ ដែលសព្វថ្ងៃមានការប្រឈមខ្លាំង នៅក្នុងឧស្សាហកម្ម​ភាពយន្ត បច្ចុប្បន្នយើងត្រូវធនធានមនុស្សផ្នែកនេះច្រើនបន្ថែមទៀត។ ដើម្បីចេះ និងយល់អំពី​វិធីសាស្រ្ត​ក្នុងការសរសេរអត្ថបទនិពន្ធឲ្យមានភាពទាក់ទាញ ឲ្យមានរូបភាពច្នៃប្រឌិតខ្ពស់ ហើយ​នេះគឺជាចំនុចសំខាន់មួយ ដែលយើងត្រូវធ្វើការបណ្តុះបណ្តាល។»

លោក ប៉ុក បូរក្ស បានបញ្ជាក់ទៀតថា ក្រៅពីការបណ្តុះបណ្តាលលើផ្នែកសរសេរ យើង​ក៏​បណ្តុះ​បណ្តាល​ទៅ​លើការថតភាពយន្ត ដឹកនាំរឿង អ្នកជំនួយការដឹកនាំរឿង ការថតយកសម្លេង កាត់ត និង​កែពណ៌។ ដូច្នេះសូមយុវជន មកដាក់ពាក្យស្នើសុំចូលសិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លី នៅ​នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។ ជាពិសេស​កិច្ច​ការស្នូលរបស់​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ យើងបានផ្តល់​សេវា​សាធារណៈលើវិស័យភាពយន្ត គឺនាយកដ្ឋានបានផ្តល់ការអនុញ្ញាតថតភាពយន្ត ទាំង​ក្នុង​ស្រុក និងបរទេសដែលមកថតភាពយន្តនៅកម្ពុជា ទាំងការផ្តល់​ទិដ្ឋការ​សម្រាប់​ចាក់​បញ្ចាំង​ផ្សព្វ​ផ្សាយ​ភាពយន្ត នៅក្នុងរោងភាពយន្តភារកិច្ចនេះយើងធ្វើជាប្រចាំ បើពិនិត្យទៅលើ​បរិមាណ​នៃ​ការ​ផលិត​របស់ផលិតករភាពយន្តក្នុងស្រុកយើងឃើញថា ឋិតក្នុងកម្រិត​មួយ​ប្រហាក់​ប្រហែល​កាល​ពី​ឆ្នាំ​២០២៣ បើប្រៀបធៀបរយៈពេល៦ខែដូចគ្នា មានន័យថា មកដល់ពេល​នេះ​ចំនួន​នៃ​ការ​ផលិត​ភាពយន្ត មានជាង២០ក្រុមហ៊ុន និងចំនួន២០ចំណងជើង ហើយការផ្តល់​ទិដ្ឋការ​សម្រាប់​ចាក់​ផ្សព្វផ្សាយ​ គឺមានចំនួនប្រហាក់ប្រហែលគ្នានៅតាមរោ​ង​ភាពយន្ត​នេះ​សំដៅ​ទៅ​លើ​ការ​ផ្តល់​សម្រា​ប់​ផលិតករក្នុងស្រុក។ ដោយឡែកសម្រាប់ផលិតករក្រៅប្រទេស យើងផ្តល់ច្រើន​ទៅ​លើការ​ថត​ឯកសារ​ភាពយន្ត មកដល់ពេលនេះមានចំនួនជិត៤០ចំណងជើង ជាពិសេសក្នុងត្រីមាសទី២ គម្រោង​នៃការស្នើសុំថតភាពយន្ត គឺមានប្រទេសជាច្រើន បានស្នើសុំថតភាពយន្ត មានដូច​ជាសា​ធារណរដ្ឋ​ប្រជាមានិតចិន អង់គ្លេស សហរដ្ឋអាមេរិក បារាំង ដើម្បីស្នើសុំថតភាពយន្តខ្នាតវែង។ ក៏​ប៉ុន្តែកំពុងឋិតនៅគម្រោងដាក់ពាក្យស្នើសុំ និងដំណើរការនៅក្នុងអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ​២០២៤​ខាងមុខនេះ៕ អត្ថបទ៖ រដ្ឋា