លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់មន្រី្តសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំមាតា និងទារកនៅមុន និងក្រោយពេលសម្រាល។
ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាប្រចាំឆ្នាំ ពិនិត្យលទ្ធផលការងារសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ពព និងការថែទាំទារកទើបកើត, រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានកិច្ចសហការ និងគាំទ្រថវិកា និងបច្ចេកទេសដោយអង្គការUNFPA, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោកជំទាវសាស្រ្តាចារ្យ បន្តថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត(EmONC) ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តន៍តាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយអត្រាមណភាពមាតា និងទារក។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ កម្ពុជាបានកំណត់គោលដៅក្នុងការកាត់បន្ថយអត្រាមរណភាពមាតា មកនៅត្រឹម៧០ ក្នុង១០០០០០កំណើតរស់ និង កំណត់កាត់បន្ថយអត្រាមរណភាពទារកឲ្យមកនៅត្រឹម១២ ក្នុង១០០០កំណើតរស់។
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ បានសង្កត់ធ្ងន់ថា ជាលទ្ធផលយើងឃើញថាអត្រាមរណភាព មាតា និងទារកមានការធ្លាក់ចុះគួរជាទីមោទនៈ ជាក់ស្តែងអត្រាមរណភាពរបស់ទារកបានធ្លាក់ចុះពី២៧/១០០០ កំណើតរស់ក្នុងឆ្នាំ២០១០ មកនៅត្រឹម៨ ក្នុង១០០០កំណើតរស់ ត្រឹមឆ្នាំ២០២២ នេះមានន័យថាកម្ពុជាបានសម្រេចដល់គោលដៅ៨ឆ្នាំមុនកាលកំណត់។ អត្រាមរណភាពមាតា ក៏មានការធ្លាក់ចុះដែរ តែហាក់មានការធ្លាក់ចុះយឺតយ៉ាវនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រានៃការស្លាប់របស់មាតា នៅមានគម្លាតឆ្ងាយពីគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៣០។ គិតត្រឹមឆ្នាំ២០២២ យើងបានសម្រេចការកាត់បន្ថយអត្រាស្លាប់របស់មាតាបានត្រឹម១៥៤ក្នុង១០០០០០(១សែន) កំណើតរស់។ យុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត គឺបានផ្តោតលើការអភិវឌ្ឍមូលធនមនុស្សនិយាយជារួម។
បើតាមលោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឲ្យដឹងថា ពិតមែនហើយ មូលដ្ឋានសុខាភិបាលសេវាសង្រ្គោះបន្ទាន់ (ហៅកាត់ថា អ៊ីម៉ុក-EmONC) មានការកើនឡើង វាទាមទាការផ្គត់ផ្គង់សម្ភារៈ និងធនធានមនុស្សឲ្យបានគ្រប់គ្រាន់ផងដែរ។ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល ក៏បានខិតខំធ្វើការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារនៅមូលដ្ឋានសុខាភិបាលទាំងនោះ។ យើងក៏មានកន្លែងបណ្តុះបណ្តាលបច្ចេកទេស៣កន្លែងទៀត នៅថ្នាក់ក្រោមជាតិ ដើម្បីជួយគាំទ្រដល់ផ្នែកបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលក្នុងនោះមានខេត្តកំពង់ចាម បាត់ដំបង និងខេត្តតាកែវ។ គិតមកដល់ឆ្នាំ២០២៤នេះ ផ្នែកបណ្តុះបណ្តាលសម្រេចបានការបណ្តុះបណ្តាលលើការសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើតដល់មន្ត្រីសុខាភិបាលចំនួន៤៣៧៩នាក់ ក្នុងនោះមាន៖ វេជ្ជបណ្ឌិតចំនួន២៤៧ ឆ្មបចំនួន៩៤០ គិលានុបដ្ឋាកដាក់ថ្នាំសណ្តំចំនួន១៥៥ និងវគ្គបណ្តុះបណ្តាលខ្លី ដូចជា៖ PPH, MgSO4, MVE, INC, ដល់បុគ្គលិក មានចំនួន ៣០៣៧នាក់ ចំណែកគ្រូបង្គោលរបស់យើងនៅទូទាំងប្រទេសសម្រាប់ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលមានចំនួន ៨៤នាក់ (ក្នុងនោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានចំនួន៤០នាក់)៕ អត្ថបទ រដ្ឋា
Leave a Reply