ដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមជិក បសស ជាមន្ត្រីសាធារណៈ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អេត បូរ៉ាត់ មានប្រសាសន៍លើកឡើងថា ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុងការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះមានសសរស្តម្ភចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយប្រព័ន្ធជំនួយសង្គម ទ្រទ្រង់ដោយរាជរដ្ឋាភិបាល។ ដោយឡែកប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធមួយ និងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមតែបន្តិចបន្តួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិរួមមួយដើម្បីការពារហានិភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចាស់ជរា និងនៅពេលមានតម្រូវការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក បសស គឺជាកម្មវិធីអធិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ក្នុងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របតណ្តប់សុខភាពជាសកល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការដាក់ឱ្យដំណើរការកម្មវិធីនេះមានគោលបំណងពង្រីកវិសាលភាព នៃការផ្តល់ការថែទាំសុខភាពបន្ថែមក្រៅពីសមាជិក បសស ជាបងប្អូនកម្មករនិយោជិក និងមន្ត្រីសាធារណៈ ។
តាមរបាយការណ៍លោក អន វ៉ាត ប្រធានសាខា បសស ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តាមតាំងពីដំណើការក្នុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន សាខា បសស ខេត្តត្បូងឃ្មុំ បានចុះកិច្ចព្រមព្រៀងសុខាភិបាល ដើម្បីធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាជូនដល់សមាជិក បសស ឱ្យឆាប់រហ័ស និងទាន់ពេលវេលា បានចំនួន ៨២ ក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ៧៨ និងមូលដ្ឋានសុខាភិបាលចំនួន ០៤ ។ ក្នុងនោះមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលប្រើប្រាស់សេវាក្នុងមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ បសស ចំនួន ៥,១៤៦ នាក់ និងកម្មករនិយោជិត ចំនួន ៤,៨០០ នាក់ ។ ក្នុងនោះឩបត្ថម្ភដល់ស្ត្រីមុនសម្រាលសម្រាលចំនួន ៣៩៥ នាក់ ពេលសម្រាល ២៤១ ណាក់ ក្រោយសម្រាល ១៩៣ នាក់ និងឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីសម្រាលកូនចំនួណ ៣,៤៥៤ នាក់ ។
Leave a Reply