នាយករដ្ឋមន្ត្រីហៃទី ប្តេជ្ញាដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈនគរបាលកេនយ៉ាដំបូង បានមកដល់

នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្ការី ខន់នីល(Garry Conille) បានប្តេជ្ញា កាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋនឹងដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈបេសកកម្មរក្សាសន្តិភាពមកពីប្រទេសកេនយ៉ា បានមកដល់ប្រទេសនេះ។

ក្រុមនគរបាលប្រទេសកេនយ៉ាដំបូងគេ បានមកដល់រដ្ឋធានីប្រទេសហៃទី ដើម្បីចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពដែលរង់ចាំជាយូរមកហើយ នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាល។

នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Garry Conille បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងកម្លាំងអន្តរជាតិនៅទីនេះ ដើម្បីគាំទ្រយើងនិងកងកម្លាំងនគរបាលរបស់យើង ដោយនិយាយថា ការងារគឺត្រូវដណ្តើមយកប្រទេសមកវិញ នឹងចាប់ផ្តើមមួយជំហានម្តងៗ។

បេសកកម្មនេះ ត្រូវបានស្នើឡើងជាលើកដំបូងដោយរដ្ឋាភិបាលមុនរបស់ប្រទេសហៃទី ក្នុងឆ្នាំ២០២២។ ការគាំទ្របានធ្លាក់ចុះ ដែលនាំឱ្យអ្នកកាន់តំណែងមុនលោក Conille លាលែងពីតំណែងកាលពីដើមខែមីនា។

លោក Conille បាននិយាយថា រដ្ឋនឹងទទួលបានអំណាចមកវិញ និងកាន់កាប់សិទ្ធិអំណាចជាថ្មីរបស់ខ្លួន ដូច្នេះប្រជាជនហៃទីទាំងអស់ អាចរស់នៅដោយសន្តិភាពនៅក្នុងប្រទេសនេះ។

សង្គ្រាមក្រុមជនអន្ធពាល នៅពេលបច្ចុប្បន្ននេះ បានជម្លៀសប្រជាជន ជាងកន្លះលាននាក់ ហើយជិតប្រាំលាននាក់កំពុងប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

ក្រុមប្រដាប់អាវុធ នៅពេលនេះបានចូលគ្រប់គ្រងភាគច្រើននៅរដ្ឋធានី ដោយបានបង្កើតសម្ព័ន្ធភាពធំធេង ខណៈកំពុងអនុវត្តការសម្លាប់រាលដាល ការចាប់ជំរិតទាមទារប្រាក់លោះ និងអំពើហិង្សាផ្លូវភេទ។