បេឡាជាតិសន្តិសុខសង្គម ផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមជិក បសស ជាមន្រ្តីសាធារណៈដល់អ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ

ដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់ និង​ទូលំទូលាយ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀប​ចំពិធី​ផ្សព្វផ្សាយ​ស្តីពី​ការ​អនុវត្ត​របប​សន្តិសុខស​ង្គមផ្នែ​កថែ​ទាំ​សុខ​ភាព​តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមជិក បសស ជា​មន្ត្រី​សាធារណៈ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង​បេឡាជាតិ​សន្តិសុខ​សង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អេត បូរ៉ាត់ មានប្រសាសន៍លើកឡើងថា ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា ជាសសរស្តម្ភសំខាន់ក្នុងការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះ​មាន​សសរ​ស្តម្ភ​ចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយប្រព័ន្ធជំនួយសង្គម ទ្រទ្រង់​ដោយ​រាជរដ្ឋាភិបាល។ ដោយឡែកប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធមួយ និងជំរុញឱ្យ​ប្រជាជន​គ្រប់​រូប​ចូលរួម​តែបន្តិចបន្តួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិ​រួម​មួយ​ដើម្បី​ការពារ​ហានិភ័យ​ពី​ការ​ធ្លាក់​ចូល​ក្នុងភាពក្រីក្រនៅពេលចាស់ជរា និងនៅពេលមានតម្រូវការសេវាថែទាំសុខភាព ព្រមទាំង​ហានិភ័យផ្សេងៗទៀត។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក បសស គឺជាកម្មវិធី​អធិភាព​មួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្រ​បច្ចកោណ​ដំណាក់​កាលទី១ ក្នុងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របតណ្តប់សុខភាពជាសកល ដែល​ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការដាក់ឱ្យ​ដំណើរ​ការ​កម្មវិធីនេះមានគោលបំណងពង្រីកវិសាលភាព នៃការផ្តល់​ការ​ថែ​ទាំ​សុខភាព​បន្ថែម​ក្រៅ​ពី​សមាជិក បសស ជាបងប្អូនកម្មករនិយោជិក និងមន្ត្រីសាធារណៈ ។

តាមរបាយការណ៍លោក អន វ៉ាត ប្រធានសាខា បសស ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តាមតាំង​ពី​ដំណើការ​ក្នុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន សាខា បសស ខេត្តត្បូងឃ្មុំ បានចុះកិច្ច​ព្រម​ព្រៀង​សុខាភិបាល ដើម្បីធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាជូនដល់សមាជិក បសស ឱ្យឆាប់រហ័ស និង​ទាន់​​ពេលវេលា បានចំនួន ៨២ ក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ៧៨ និង​មូល​ដ្ឋាន​សុខាភិបាលចំនួន ០៤ ។ ក្នុងនោះមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធ​ជន​ចូល​ប្រើប្រាស់​សេវាក្នុងមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ បសស ចំនួន ៥,១៤៦ នាក់ និងកម្មករនិយោជិត ចំនួន ៤,៨០០ នាក់ ។ ក្នុងនោះឩបត្ថម្ភដល់ស្ត្រីមុនសម្រាលសម្រាលចំនួន ៣៩៥ នាក់ ពេលសម្រាល ២៤១ ណាក់ ក្រោយ​សម្រាល ១៩៣ នាក់ និងឧបត្ថម្ភបន្ថែម​របស់​រាជរដ្ឋាភិបាល សម្រាប់​ស្ត្រី​សម្រាល​កូន​ចំនួណ​ ៣,៤៥៤ នាក់ ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *