CPJ៖ ឆ្នាំ២០២៤ មានអ្នកកាសែតស្លាប់ច្រើនបំផុតទូទាំងពិភពលោក ភាគច្រើនដោយសារតែអ៊ីស្រាអែល

គណៈកម្មាធិការការពារអ្នកកាសែត CPJ បាននិយាយកាលពីថ្ងៃពុធ (១២ កុម្ភៈ) ថា ចំនួនអ្នកកាសែតច្រើនបំផុតក្នុងកំណត់ត្រា ត្រូវបានសម្លាប់នៅជុំវិញពិភពលោកកាលពីឆ្នាំ២០២៤ ដោយបន្ថែមថា អ៊ីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ជិត ៧០% ក្នុងតួលេខសរុប។

គណៈកម្មាធិការ CPJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់អ្នកកាសែត ១២៤នាក់ នៅក្នុងប្រទេសចំនួន១៨ បានស្លាប់កាលពីឆ្នាំមុន ដែលជាឆ្នាំដ៏បង្ហូរឈាមបំផុតសម្រាប់អ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីគណៈកម្មាធិការនេះបានចាប់ផ្តើមកត់ត្រាតួលេខអ្នកស្លាប់ ច្រើនជាងបីទសវត្សរ៍មុនមក។

CPJ បន្តថា សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា បង្កការស្លាប់ដល់អ្នកកាសែត ៨៥នាក់ ពោលគឺ ៧០% នៃតួលេខសរុប នៅក្នុងដៃរបស់យោធាអ៊ីស្រាអែល ដោយចោទអ៊ីស្រាអែល ថាបានប៉ុនប៉ងរារាំងការស៊ើបអង្កេតលើឧប្បត្តិហេតុនានា ហើយថែមទាំងស្តីបន្ទោសលើអ្នកសារព័ត៌មាន ដោយមិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួនក្នុងការរកមុខអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះ។

នៅពេលត្រូវសាកសួរសុំការអត្ថាធិប្បាយលើរឿងនេះ យោធាអ៊ីស្រាអែលនិយាយថា មិនមានព័ត៌មានគ្រប់គ្រាន់ត្រូវបានផ្តល់ឱ្យអំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នោះទេ ហើយថា ដូច្នេះខ្លួនមិនអាចត្រួតពិនិត្យលើបញ្ហានេះបានឡើយ ដោយបន្ថែមថា ខ្លួនបានចាត់វិធានការដែលអាចធ្វើបានទាំងអស់រួចទៅហើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកសារព័ត៌មាន និងជនស៊ីវិល៕