លោកZelenskyy អំពាវនាវឱ្យមានទំនាក់ទំនងដ៏រឹងមាំពីអាមេរិកក្រោយលោកTrump ហៅលោកថាជាជនផ្តាច់ការ
លោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានទំនាក់ទំនងរឹងមាំ ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ២០ កុម្ភៈ ខណៈលោកបានជួបបេសកជនអាមេរិកលោក Keith Kellogg ក្នុងទីក្រុង Kyiv មួយថ្ងៃបន្ទាប់ពីលោក Donald Trump ហៅមេដឹកនាំអ៊ុយក្រែនថាជាជនផ្តាច់ការ។
ភាពតានតឹងរវាងលោក Zelenskyy និងលោក Trump ជុំវិញសកម្មភាពរបស់ប្រធានាធិបតីអាមេរិកចំពោះទីក្រុងមូស្គូ បានផ្ទុះឡើងនៅសប្តាហ៍នេះក្នុងការកើនឡើងជាបន្តបន្ទាប់នៃការចោទដាក់គ្នាទៅវិញទៅមកក្នុងសង្រ្គាមវោហារសាស្ត្រនៅសន្និសីទសារព័ត៌មាន និងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអាមេរិក បានរិះគន់ទីក្រុង Kyiv និងក្រុមអ្នកគាំទ្រអ៊ុយក្រែននៅអឺរ៉ុប ដោយការបើកកិច្ចចរចាជាមួយទីក្រុងមូស្គូដែលពួកគេបារម្ភថាអាចបញ្ចប់សង្រ្គាមលើលក្ខខណ្ឌដែលនឹងផ្តល់រង្វាន់ដល់លោក Vladimir Putin ទៅវិញ។
ជម្លោះនេះបានប្រែក្លាយរឿងបុគ្គលជាមួយលោក Trump ដោយលើកឡើងថាលោក Zelenskyy ពុំមានប្រជាប្រិយក្នុងចំណោមប្រជាជនរបស់លោកទេ ហើយមេដឹកនាំអ៊ុយក្រែនបាននិយាយថា លោកTrump បានធ្លាក់ក្នុងអន្ទាក់នៃព័ត៌មានមិនពិតរបស់រុស្ស៊ី។
ស្របពេលមានសង្រ្គាមពាក្យសម្តី លោក Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រូបលោកបានរៀបចំកិច្ចប្រជុំប្រកបដោយស្ថាបនាជាមួយលោកKellogg ។ត្បិតថាមានជំនួប តែសន្និសីទព័ត៌មានរួមគ្នារវាង លោក Zelenskyy និងប្រេសិតទទួលបន្ទុកបញ្ហាអ៊ុយក្រែន និងរុស្ស៊ី របស់អាមេរិក រូបនេះ ត្រូវបានលុបចោល។
លោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីកិច្ចប្រជុំថា យើងមានការសន្ទនាលម្អិតអំពីស្ថានភាពសមរភូមិ របៀបបញ្ជូនឈ្លើយសឹករបស់យើងមកវិញ និងការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាព៕

Leave a Reply