យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័ន Ipsos ដែលបិទកាលពីថ្ងៃចន្ទ (២៣ មិថុនា) បានបង្ហាញថា ប្រជាជនអាមេរិក មានការភ័យព្រួយយ៉ាងខ្លាំងចំពោះជម្លោះដ៏ចម្រូងចម្រាសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយបារម្ភថា អំពើហិង្សាអាចកើនឡើងកាន់តែអាក្រក់ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
ប្រជាជនអាមេរិកប្រមាណ ៧៩% ដែលត្រូវស្ទង់មតិបាននិយាយថា ពួកគេព្រួយបារម្ភណាស់ថា អ៊ីរ៉ង់អាចកំណត់គោលដៅលើជនស៊ីវិលអាមេរិក ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់ទីក្រុងវ៉ាស៊ីនតោន។
ការស្ទង់មតិរយៈពេលបីថ្ងៃ — ដែលចាប់ផ្តើមបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងបានបញ្ចប់នៅព្រឹកថ្ងៃចន្ទ មុនពេលអ៊ីរ៉ង់ បាញ់មីស៊ីលដាក់មូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតា — បានបង្ហាញឱ្យឃើញថា ជនជាតិអាមេរិក ក៏ព្រួយបារម្ភក្នុងតួលេខស្រដៀងគ្នានេះពីសុវត្ថិភាពបុគ្គលិកយោធាអាមេរិក ដែលឈរជើងនៅមជ្ឈិមបូព៌ា។ ចំណែកអ្នកឆ្លើយតប ៨៤% បាននិយាយថា ពួកគេព្រួយបារម្ភជាទូទៅអំពីជម្លោះដែលកំពុងកើនឡើង។
ការស្ទង់មតិ ដែលធ្វើឡើងលើមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកចំនួន ១.១៣៩នាក់ទូទាំងប្រទេសនេះ បានគូសបញ្ជាក់ពីការខ្វែងគំនិតយ៉ាងស៊ីជម្រៅទៅលើអ្វីដែលទីក្រុងវ៉ាស៊ីនតោនគួរធ្វើបន្ទាប់ ហើយក៏គូសបញ្ជាក់ពីហានិភ័យនយោបាយដែលលោក Trump កំពុងប្រឈមមុខ ខណៈប្រជាប្រិយភាពរបស់ប្រធានាធិបតីរូបនេះបានធ្លាក់ចុះដល់ ៤១% ដែលជាកម្រិតទាបបំផុតនៃអាណត្តិបច្ចុប្បន្នរបស់លោក នៅក្នុងតំណែងលើកទី២ ដែលចាប់ផ្តើមនៅក្នុងខែមករា៕
Leave a Reply