លោក JD Vance ថា អាមេរិកធ្វើសង្គ្រាមជាមួយកម្មវិធីនុយក្លេអ៊ែរ មិនមែនប្រទេសអ៊ីរ៉ង់ នោះទេ

បរទេស៖ លោក JD Vance អនុប្រធានាធិបតី សហរដ្ឋអាមេរិក បាននិយាយ ប្រាប់ទូរទស្សន៍ NBC News ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោន កំពុងធ្វើសង្គ្រាម ជាមួយកម្មវិធីនុយក្លេអ៊ែរ មិនមែនធ្វើសង្គ្រាម ជាមួយប្រទេសអ៊ីរ៉ង់ នោះទេ។

អំឡុងកិច្ចសម្ភាសន៍ ក្រោយពេលដែលអាមេរិកទម្លាក់គ្រាប់បែក កម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ លោក JD Vance បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ចង់បានសន្តិភាពជាមួយអ៊ីរ៉ង់ ក្នុងបរិបទ ដែលពួកគេមិនមានកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោក Vance ថ្លែងនូវការជឿជាក់ថា ប្រជាជនអ៊ីរ៉ង់ ច្បាស់ជា មិនសូវពូកែ ធ្វើសង្រ្គាមទេ ដូច្នេះ ពួកគេគួរតែធ្វើតាម ការដឹកនាំ របស់លោក Donald Trump ដែលផ្តល់ឱកាសសន្តិភាព។ ប្រសិនបើ អ៊ីរ៉ង់ យកចិត្តទុកដាក់ចំពោះសន្តិភាព លោក JD Vance ធានាថា លោក ប្រធានាធិបតី Trump ក៏នឹងផ្តល់សន្តិភាព ដល់អ៊ីរ៉ង់វិញ ផងដែរ។

លោក JD Vance បន្ថែមទៀតថា ការវាយប្រហាររបស់អាមេរិក
បានបង្អាក់យ៉ាងខ្លាំង លើសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផលិតអាវុធប្រល័យលោក ប៉ុន្តែ លោកអនុប្រធានាធិបតីរូបនេះ មិនបានអះអាង ដូចដែលលោក Trump ធ្លាប់លើកឡើងថា ទីតាំងនុយក្លេអ៊ែរ ត្រូវបានបំផ្លាញទាំងស្រុង នោះឡើយ។ ត្រង់ចំណុចនេះ លោក Vance បាននិយាយថា ពុំមានការស៊ើបការណ៍ដ៏ទុកចិត្ត ក្នុងប្រទេសអ៊ីរ៉ង់ នោះទេ ប៉ុន្តែ លោកជឿជាក់យ៉ាងខ្លាំងថា បានពន្យារពេលការអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ។

ជុំវិញរឿងនេះ សមាជិកសភាអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា រោងចក្រ នុយក្លេអ៊ែរ មិនរងការខូចខាតធ្ងន់ធ្ងរ អំឡុងការវាយប្រហារនោះទេ។

ក្រោយការទម្លាក់គ្រាប់បែករបស់អាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា រដ្ឋាភិបាលក្រុងតេអេរ៉ង់នឹងប្រើគ្រប់ជម្រើសទាំងអស់សម្រាប់ការឆ្លើយតប សងសឹក។ ក៏ប៉ុន្តែ លោក Donald Trump បានផ្តាំទៅអ៊ីរ៉ង់វិញដែរ ថា បើហ៊ានសងសឹក សហរដ្ឋអាមេរិក នឹងវាយបកខ្លាំងជាង ការទម្លាក់គ្រាប់បែក លើកដំបូង ទៅទៀត ៕

ប្រភពពី NBC News