អ៊ីរ៉ង់ ខ្នះខ្នែងត្រៀមផែនការរកអ្នកស្នងតំណែងមេដឹកនាំកំពូលពីលោក Khamenei
អ៊ីរ៉ង់ កំពុងតែស្វះស្វែងរកអ្នកស្នងតំណែងបន្ទាប់ពីមេដឹកនាំកំពូលរបស់ខ្លួនគឺលោក Ayatollah Ali Khamenei ហើយក្រុមប្រឹក្សាមេដឹកនាំសាសនាជាន់ខ្ពស់ ៣រូបរបស់ប្រទេស បានពន្លឿនផែនការនេះក្នុងប៉ុន្មានថ្ងៃចុងក្រោយ ចាប់តាំងពីអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ និងបានគម្រាមធ្វើឃាតមេដឹកនាំជើងចាស់រូបនោះ នេះបើតាមប្រភពផ្ទៃក្នុង ៥នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ។
ប្រភពអ៊ីរ៉ង់ និយាយថា លោក លោក Khamenei វ័យ ៨៦ឆ្នាំ កំពុងត្រូវបានរាយការណ៍ជាទៀងទាត់ពីកិច្ចពិភាក្សានេះ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បានប្រាប់ថា មេដឹកនាំកំពូលរូបនេះបានចូលទៅសម្ងំលាក់ខ្លួនជាមួយក្រុមគ្រួសាររបស់លោក ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយអង្គភាពកងកម្លាំងពិសេស Vali-ye Amr នៃឆ្មាំបដិវត្តន៍។
ប្រភពបន្តថា បេក្ខភាពលេចធ្លោ ២រូប កំពុងស្ថិតនៅក្នុងការពិភាក្សាជាបន្តបន្ទាប់រួមមានកូនប្រុសវ័យ ៥៦ឆ្នាំរបស់ Khamenei ឈ្មោះថា Mojtaba ដែលត្រូវគេមើលឃើញថាជាជម្រើសបន្តបន្ទាប់គ្នាជាយូរមកហើយ ហើយនិងគូប្រជែងថ្មីគឺលោក Hassan Khomeini ជាចៅប្រុសរបស់បិតាបដិវត្តអ៊ិស្លាម។
ផែនការរកអ្នកស្នងតំណែងនេះបានកំពុងដំណើរការរួចទៅហើយ ដោយសារវ័យចំណាស់របស់លោក Khamenei និងបញ្ហាសុខភាពយូរអង្វែងរបស់លោក ប៉ុន្តែភាពបន្ទាន់ថ្មីៗនេះគឺត្រូវបានគូសបញ្ជាក់ក្នុងខែកញ្ញា នៅពេលអ៊ីស្រាអែល សម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Khamenei ហើយផែនការក៏ត្រូវពន្លឿនកាន់តែប្រញាប់នៅក្នុងខែនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរ ដែលត្រូវបានបន្តដោយការវាយប្រហាររបស់អាមេរិក កាលពីចុងសប្តាហ៍៕
Leave a Reply