(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នាពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថលឈានមុខមួយក្នុងតំបន់។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play LLC ថ្នាក់ដឹកនាំក្រសួង សាកលវិទ្យាធិការ តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play ពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។
សូមជម្រាបជូនថា ក្នុងពិធីនេះក៏មានការរៀបចំកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងឱកាសនិងបរិយាកាសវិនិយោគនៅកម្ពុជាពីវាគ្មិនជាតិ និងអន្តរជាតិផងដែរ៕
Leave a Reply