លោក Trump ព្រមានអ៊ីស្រាអែល និងអ៊ីរ៉ង់ កុំបំពានបទឈប់បាញ់គ្នាឲ្យសោះ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឥឡូវនេះ បានចូលជាធរមានហើយ ហើយបានព្រមានទៅកាន់ភាគីជម្លោះទាំងពីរ កុំបំពានកិច្ចព្រមព្រៀងនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social មេដឹកនាំអាមេរិករូបនេះបានសង្កត់ធ្ងន់ថា បទឈប់បាញ់ឥឡូវនេះចូលជាធរមានហើយ។ សូមមេត្តាកុំបំពានវា។

លោកប្រធានាធិបតី Trump បានលើកឡើងបែបនេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលបន្តកន្ទុយគ្នាចំនួន ៦គ្រាប់វាយប្រហារអ៊ីស្រាអែល ដោយមន្រ្តីសេវាឡានសង្គ្រោះអ៊ីស្រាអែល បានប្រាប់ថា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ SNN ក៏បានរាយការណ៍នៅថ្ងៃអង្គារនេះដែរថា ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលជុំចុងក្រោយរបស់ខ្លួន មុនពេលបទឈប់បាញ់ចូលជាធរមាន។

នៅពេលដែលលោកប្រធានាធិបតី Trump បានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនា នូវអ្វីដែលលោកហៅថា បទឈប់បាញ់ពេញលេញ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១២ថ្ងៃនោះ លោកហាក់ដូចជាបានបង្ហាញថា អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងមានពេលវេលា ដើម្បីបំពេញបេសកកម្មដែលកំពុងដំណើរការ ពោលគឺជាចំណុចដែលបទឈប់បាញ់ នឹងចាប់ផ្ដើមម្ដងមួយជំហានៗ។

មន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Trump បានសម្របសម្រួលឲ្យមានបទឈប់បាញ់ អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ហើយអ៊ីស្រាអែលបានយល់ព្រម ដរាបណាអ៊ីរ៉ង់មិនបើកការវាយប្រហារបន្ថែមទៀត។

ចំណែកមន្ត្រីអ៊ីរ៉ង់ម្នាក់បានអះអាងនៅមុននេះថា ទីក្រុងតេហេរ៉ង់បានយល់ព្រមលើបទឈប់បាញ់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និយាយថា នឹងមិនមានការបញ្ចប់អរិភាពឡើយ ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន៕

ប្រភព ៖ Channel News Asia