ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ “ចំពោះកិច្ចការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងខ្មែរ ត្រូវតែរួបរួមគ្នា”
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងបង្ហាញនូវមោទនភាព ដែលទទួលបានភាពកក់ក្តៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់របស់កងកម្លាំងមិនរាថយក្នុងការការពារបូរណភាពទឹកដី ហើយបានលើកឡើងថា “ចំពោះកិច្ចការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងខ្មែរ ត្រូវតែរួបរួមគ្នា។”
ការកោតសរសើរនេះ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈដោយរំលឹកដែរថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្ដួចផ្ដើមរៀបចំកម្មវិធីដំណើរថ្មើរជើង “Solidarity March” ដែលមានការចូលរួមពីប្រជាជនកម្ពុជាប្រមាណ ១៥ម៉ឺននាក់ ក្នុងស្មារតីគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួួយប្រទេសជិតខាងក្រោមស្មារតី “ខឿនការពារជាតិប្រជាជន ជាខែលការពារជាតិដ៏រឹងមាំ”៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ
Leave a Reply