អ្នកធាក់ស៊ីក្លូ២៩៥នាក់ទទួលបានការយកចិត្តទុកដាក់បន្ថែមពីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានចាត់ឲ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្ដល់ប័ណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំប្លេរ ជូនដល់អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឲ្យឯកឧត្ដម ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែពីសុខទុក្ខសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងដូចពេលនេះ។ លោកបន្តថា ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង ២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែអាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងការផ្តល់​ជូន​ប័ណ្ណសមធម៌(ប. ស. ស)នេះ ដើម្បីឲ្យសមាជិកអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយ​មិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចតេជោ មិនត្រឹមតែផ្តល់វ៉ាក់សាំងជូនសមាជិកស៊ីក្លូដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនថែមទៀត។

ក្នុងឱកាសនោះដែរ លោក ម៉េត មាសភក្តី ក៏បានជូនពរអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ ជៀសវាងនឹងជម្ងឺផ្សេងៗ តែបើមានជម្ងឺក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះមានប័ណ្ណសមធម៌(ប. ស. ស)ដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងលោកអ៊ុ រស់ អ៊ាង អាយុ៦៦ឆ្នាំ បានថ្លែងការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ដែលកន្លងមកតែងតែជួយ​ឧបត្ថម្ភ​ដល់គាត់ ​ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគ និងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំ និង​ភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះនៅបានផ្តល់ប័ណ្ណសមធម៌ (ប. ស. ស)ដែលអាចឲ្យគាត់ទៅ​ពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។

គួរបញ្ជាក់ផងដែរថា​ មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការ​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យ​អាណានិគម​និយមបារាំងមកម្ល៉េះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា