ការស៊ើបអង្កេតផ្ដោតលើបរាជ័យផ្នែកសន្តិសុខ បន្ទាប់ពីការបាញ់ប្រហារលើលោក Trump

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតយ៉ាងរហ័សទៅលើថាតើខ្មាន់កាំភ្លើងអាចគេចពីភ្នែកភ្នាក់ងារសម្ងាត់ ហើយឡើងទៅលើដំបូលអគារ ក្បែរកន្លែងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងថ្លែងនៅក្នុងការជួបជុំបោះឆ្នោត ហើយបាញ់ប្រហារជាច្រើនគ្រាប់មុនពេលត្រូវបានសម្លាប់នោះដោយរបៀបណា។

លោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បាននិយាយថា ក្រុមនៅក្នុងអង្គជំនុំជម្រះនឹងកោះហៅមន្ត្រីមកពីសេវាសម្ងាត់ នៅនាយកដ្ឋានសន្តិសុខមាតុភូមិ និងភ្នាក់ងារពិសេស FBI ចូលសវនាការក្នុងពេលឆាប់ៗនេះ។ គណៈកម្មការត្រួតពិនិត្យសភា បានកោះហៅប្រធានសេវាសម្ងាត់ លោកស្រី គីនប៊ឺលី ឆៀតថល (Kimberly Cheatle) ទៅផ្តល់សក្ខីកម្មនៅថ្ងៃទី២២ ខែកក្កដា។

ខណៈពេលដែលព័ត៌មានអំពីឧបទ្ទវហេតុនេះនៅមានភាពស្រពិចស្រពិលនៅឡើយ របាយការណ៍ដំបូងពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកបាញ់ប្រហារនោះនៅខាងក្រៅបរិវេណសន្តិសុខនៃកន្លែងប្រមូលផ្តុំនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)។ មនុស្សម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន BBC បាននិយាយថា គេបានឃើញបុរសនោះកាន់កាំភ្លើង ហើយព្យាយាមជូនដំណឹងដល់នគរបាល និងសេវាសម្ងាត់ តែមិនបានសម្រេច។

អ្នកគាំទ្រលោក Trump បានរិះគន់សេវាកម្មសម្ងាត់ដែលទទួលខុសត្រូវក្នុងការការពារលោក Trump ក្នុងនាមជាអតីតប្រធានាធិបតីអាមេរិក។ លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) បានអំពាវនាវឱ្យថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះលាលែងពីតំណែង។ ភ្នាក់ងារពិសេសរបស់ FBI លោក ខេវិន រ៉ូជេក (Kevin Rojek) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយនិយាយថា «វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់» ដែលជននោះអាចបាញ់បានជាច្រើនគ្រាប់បែបនេះ៕