សេអ៊ូល ៖ poរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចាប់ផ្តើមកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាជនទូទាំងប្រទេស ជាការលើកទឹកចិត្តមួយដែលក្រុមមន្ត្រីពណ៌នាថា ជា “ប័ណ្ណសាច់ប្រាក់សម្រាប់ប្រើប្រាស់” បង្កើនការចំណាយក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចដែលដាំក្បាលចុះ ស្ទុះងើបឡើងវិញ នេះបើតាមសារព័ត៌មាន Korea Herald ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា។
យោងតាមសារព័ត៌មាន RT, គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាបន្ថែមទំហំ ២៣.៣ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍មុន។ កម្មវិធីនេះទៀតសោត គ្រោងនឹងចាប់ផ្តើមដាក់ដំណើរការចាប់ពីថ្ងៃទី២១ ខែកក្កដា ហើយបន្តរហូតដល់ថ្ងៃទី១២ ខែកញ្ញាខាងមុខ។
អនុរដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូង លោក Kim Min-jae ដែលដឹកនាំក្រុមការងារអន្តរកម្មត្រួតពិនិត្យគំនិតផ្តួចផ្តើមនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងធានាដល់ដំណើរការទូទាត់លុយឱ្យមានភាពហ្មត់ចត់ ដូច្នេះលុយទាំងនោះនឹងអាចបម្រើជាកាតាលីករ លើកស្ទួយក្បាលម៉ាស៊ីនសេដ្ឋកិច្ចស្ទុះងើបឡើងវិញ តាមរយៈការជំរុញការប្រើប្រាស់ និងគាំទ្រប្រជាជនមានចំណូលទាប។
ការទូទាត់ជុំលើកដំបូង ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ នឹងទទួលបានលុយ ១១០ដុល្លារពីគំនិតផ្តួចផ្តើមនេះ។ ការចែកលុយនេះ នឹងធ្វើឡើងតាមរយៈប័ណ្ណឥណទាន ឬឥណពន្ធ, កាតបង់ប្រាក់ជាមុន ឬវិញ្ញាបនបត្រអំណោយដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់។ ហើយលុយជំនួយបន្ថែមនឹងកំណត់គោលដៅផ្តល់ជូនដល់ក្រុមជនងាយរងគ្រោះ។
ការទូទាត់ជុំទីពីរ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ ដែលនឹងផ្តល់លុយ ៧៣ដុល្លារ ដល់ ៩០% នៃប្រជាជនមានចំណូលទាប។ ពលរដ្ឋដែលមានសិទ្ធិទទួលបាន នឹងត្រូវបានកំណត់ដោយផ្អែកលើបុព្វលាភធានារ៉ាប់រងសុខភាពជាតិ ហើយព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅក្នុងខែកញ្ញាខាងមុខ។
គួរកត់សម្គាល់ កូរ៉េខាងត្បូងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤របស់អាស៊ី នៅតែជៀសមិនផុតពីវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៤ ខណៈកំណើនសេដ្ឋកិច្ចប្រទេសនេះ បានជាប់គាំងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ក្រោយដាំក្បាលចុះនៅក្នុងត្រីមាសទីពីរ និងការស្ទុះងើបឡើងវិញទាំងត្រដាបត្រដួសនៅក្នុងត្រីមាសទីបី។
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានអ្នកជំនាញមើលឃើញយ៉ាងទូលំទូលាយថា បណ្តាលមកពីអស្ថិរភាពនយោបាយក្នុងស្រុក បង្កឡើងពីការដាក់ច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីខែធ្នូ។
លោក Lee Jae-myung ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មីដែលបានចូលកាន់តំណែងកាលពីថ្ងៃទី៤ ខែមិថុនា បានដាក់ចេញកញ្ចប់ជំរុញទឹកចិត្ត ដែលរួមមានជំនួយជាសាច់ប្រាក់ និងប័ណ្ណឌីជីថល ហើយបានសន្យាបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច។
យ៉ាងណា អ្នកសេដ្ឋកិច្ចមួយចំនួនបានព្រមានពីផលប៉ះពាល់អតិផរណាដែលអាចកើតមាន និងហានិភ័យរយៈពេលវែងចំពោះសុខភាពសារពើពន្ធ ចាប់តាំងពីក្រសួងហិរញ្ញវត្ថុគ្រោងផ្តល់មូលនិធិដល់វិធានការជំរុញសេដ្ឋកិច្ច ដែលធ្វើឱ្យមានបំណុលថ្មី ហើយការព្យាករណ៍ពីឱនភាពសារពើពន្ធនឹងមានចំនួន ៤.២% និងបំណុលជាតិនៅ ៤៩.១% នៃផលិតផលក្នុងស្រុកសរុប៕
ប្រភព ៖ RT
Leave a Reply