សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុបនោះទេ

(កំពង់ស្ពឺ)៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុប នោះទេ ។ កម្ពុជា នៅតែបន្តអនុវត្តការប្រឡង ដើម្បីពង្រឹងសមត្ថភាពសិស្ស ។ កម្ពុជា អាចបំបាត់ការ​ប្រឡង​បាក់ឌុបបាន លុះត្រាតែការពង្រឹងការសិក្សារបស់សិស្ស មានប្រសិទ្ធិភាព​ចាប់​ពីថ្នាក់បឋមឡើងទៅ ។

នេះជាការគួសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

សម្ដេចធិបតី ថ្លែងដូច្នេះថា ការប្រលង​បាក់​ឌុបនេះ នៅប្រទេសខ្លះ មិនមានទេ ដូចជានៅអាមេរិក មិនមានទេ ដោយគេយក​ពិន្ទុ​ឆមាស ប្រចាំឆ្នាំ ហើយគេឱ្យជាប់ តែនៅកម្ពុជា ការប្រលងមួយៗ គឺជាការធ្វើតេស្ត​ដើម្បីកំណត់និយាម ហើយវាយតម្លៃ បូកជាមួយនឹងការចម្រាញ់មួយចំនួន ។

សម្ដេចបន្ថែមថា យើងអាចធ្វើបាន លុះត្រាតែការអប់រំ តាំងពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ធានានូវគុណភាពមួយដែលថា មិនបាច់ប្រលង ក៏អាចធានាបាន ចាំយើងធ្វើ តែបើអត់ទេ យើងនៅប្រលងដដែល ។

សម្ដេចធិបតី បន្តថា យើងគ្មានផែនការ ក្នុងការដកការប្រលងបាក់ឌុបទេ ហើយការ​ប្រលងនេះ គឺដើម្បីជំរុញសិស្សឱ្យខំប្រឹងរៀន ។ ពេលជាមួយគ្នា យើងក៏ត្រូវពង្រឹង​គុណភាពនៃការអប់រំតាំងពីថ្នាក់បឋមឡើងមក ដើម្បីឱ្យគាត់ចប់នូវកម្រិតណាមួយ ដែលម៉ោងនេះ យើងធ្វើបានច្រើនហើយ ៕