បរទេស ៖ កោះចំនួនពីរ ស្ថិតនៅក្នុងខេត្ត Kagoshima នៃប្រទេសជប៉ុន បានផ្លាស់ទីដោយខ្លួនឯង បានចម្ងាយជិត១០សង់ទីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីជួបការរញ្ជួយដីផ្ទួនៗ នេះបើតាមការសង្កេត របស់អ្នកស្រាវជ្រាវជប៉ុន ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន NHK កាលពីថ្ងៃទី៩ ខែកក្កដា។
លោក Ohta Yusaku សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ Tohoku បានវិភាគ ចលនានៃការផ្លាស់ទី របស់កោះ Kodakarajim និង កោះ Takarajima ដោយប្រើប្រាស់ទិន្នន័យ ពីចំណុចសង្កេតរបស់ក្រុមជំនាញព័ត៌មានភូមិសាស្ត្រ នៃប្រទេសជប៉ុន និង ស្ថានីយ៍មូលដ្ឋានទូរស័ព្ទចល័ត។
លោក បានរកឃើញថា កោះ Kodakarajima បានរំកិលខ្លួន បាន៦សង់ទីម៉ែត្រ ពីខាងជើង ទៅភាគឦសាន ហើយ កោះ Takarajima រំកិលខ្លួន បាន៣.៥ សង់ទីម៉ែត្រ ពីខាងត្បូង ទៅភាគឦសាន ដូចគ្នា ពោលគឺ ចាប់តាំងពីជួបការរញ្ជួយដីកម្រិតផ្ទួនៗ ក្នុងពេលប៉ុន្មានសប្តាហ៍នេះ រួមទាំង រញ្ជួយដី ៥.៦រ៉ិចទ័រ ដែលបានវាយប្រហារ កាលពីថ្ងៃទី ២ ខែកក្កដា។
លោក Ohta បានអះអាងថា ចលនាចុងក្រោយបំផុតនេះ គឺជាបាតុភូតចម្លែក មិនដែលត្រូវបានគេសង្កេតឃើញនោះទេ ពីមុនមក។ ប៉ុន្តែ លោក Ohta បានដាក់ការសង្ស័យថា បម្លាស់ទីនៃកោះទាំងនេះ អាចជាសញ្ញា នឹងនាំឱ្យមានការរញ្ជួយដីដ៏ធំ។
យ៉ាងណាមិញ លោក Ohta អះអាងថា នឹងសិក្សាទិន្នន័យ កាលពីអតីតកាល ហើយនឹងព្យាយាមកំណត់ថា ហេតុអ្វី បានជាបាតុភូតចុងក្រោយនេះកើតមានឡើង ដោយលោកហាក់សង្ស័យថា បណ្តាលមកពីការញ្ជួយដី ចុងក្រោយ៕
ប្រភពពី NHK
Leave a Reply