បរទេស៖ លោក Volodymyr Zelensky បានអះអាង កាលពីថ្ងៃទី១០ ខែកក្កដាថា យោងតាមការស៊ើបការណ៍សម្ងាត់របស់សេវាសន្តិសុខអ៊ុយក្រែន រុស្ស៊ីមានផែនការ បាញ់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន វាយប្រហារទៅលើអ៊ុយក្រែន ឲ្យបានចំនួន១ពាន់គ្រឿងជាប្រចាំថ្ងៃ ដើម្បីបំភិតបំភ័យប្រជាជន និងបំផ្លាញសេដ្ឋកិច្ចជាតិ។
យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែន រូបនេះ ជឿជាក់ថា ផែនការរបស់លោក Putin នឹងបរាជ័យ ព្រោះ អ៊ុយក្រែន មានសមត្ថភាព បាញ់ទម្លាក់ដ្រូន របស់រុស្ស៊ីទាំងនោះ នេះជាអ្វីដែលលោក Zelensky បានលើកឡើង អំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសន្និសីទ ស្តីពីការស្តារអ៊ុយក្រែនឡើងវិញ រៀបចំធ្វើឡើង នៅក្នុងប្រទេសអ៊ីតាលី ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Rbc Ukraine។
មេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ រូបនេះ បានកត់សម្គាល់ថា ផែនការរបស់រុស្ស៊ី គឺ ចង់បំភ័យសង្គមអ៊ុយក្រែន ព្រោះ នឹងមានការដាស់តឿន ប្រាប់ពលរដ្ឋ ពីការវាយឆ្មក់ តាមអាកាស ឥតឈប់ឈរ ចន្លោះពី ៧ ទៅ ១០ម៉ោង រារាំងមនុស្សមិនឱ្យដេក និង បង្ខំពួកគេឱ្យលាក់ខ្លួន នៅក្នុងជម្រក។ ការណ៍នេះ នឹងប៉ះពាល់ដល់ម៉ោង ចេញទៅធ្វើការរកចំណូលរបស់ប្រជាជនអ៊ុយក្រែន នាពេលព្រឹក ហើយ លោក ពូទីន យល់ច្បាស់ អំពីរឿងនេះ។
យ៉ាងណាមិញ លោក Zelensky បានប្រាប់ដៃគូលោកខាងលិច អំឡុងវេទិកា នាពេលនោះដែរថា អ៊ុយក្រែនបានបង្កើតនិងសាកល្បងដោយជោគជ័យ នូវឧបករណ៍ស្ទាក់ចាប់ យន្តហោះគ្មានមនុស្សបើក Shahed របស់រុស្ស៊ី។
ឧស្សាហកម្មការពារជាតិ អ៊ុយក្រែន មានសមត្ថភាពផលិត សព្វាវុធទាំងនេះ ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែ អ្វីដែលត្រូវការ គឺ ថវិកា។ ក្នុងន័យនេះ លោកប្រធានាធិបតី ថា ត្រូវបង្កើនល្បឿន ការផ្តល់មូលនិធិ សម្រាប់កិច្ចខិតខំប្រឹងប្រែង ទាំងនេះ។
ជាការកត់សម្គាល់ កាលពីយប់ថ្ងៃទី៩ ខែកក្កដា កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះ ដ្រូន ចំនួន៧២៨គ្រឿង ចូលប្រទេសអ៊ុយក្រែន ហើយ នៅយប់ថ្ងៃទី១០ ខែកក្កដា ពួកគេបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ចំនួន៣៩៧គ្រឿងទៀត ដូច្នេះ សរុបមក រុស្ស៊ីបានបាញ់បង្ហោះដ្រូន ចំនួន ១.១២៥គ្រឿង ក្នុងរយៈពេល២យប់៕
ប្រភពពី Rbc Ukraine
Leave a Reply