កូរ៉េខាងជើងសំងំផលិតអាវុធគីមីទុកធ្វើសង្គ្រាមខ្នាតធំជាមួយសត្រូវ

ព្យុងយ៉ាង ៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា របបដឹកនាំផ្តាច់ការរបស់លោក គីម ជុងអ៊ុន បាននឹងកំពុងលួចលាក់អភិវឌ្ឍសព្វាវុធគីមី ដើម្បីទុកត្រៀមប្រើប្រាស់នៅក្នុងសមរភូមិសង្គ្រាមទ្រង់ទ្រាយធំជាមួយគូសត្រូវ នេះបើតាមសារព័ត៌មាន The Telegraph បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា។

មន្រ្តីដដែលបានបង្ហើបប្រាប់សារព័ត៌មាន Daily NK ថា ក្នុងករណីប្រឈមមុខនឹងគ្រោះថ្នាក់, កូរ៉េខាងជើងនឹងដាក់ពង្រាយអាវុធគីមីទៅកាន់អង្គភាពជួរមុខមួយចំនួន ខណៈពេលកន្លងមក រដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ បានបញ្ចប់ការបាញ់សាកល្បងមីស៊ីលផ្លោង ដែលផ្ទុកអាវុធគីមីរួចហើយ។

របបដឹកនាំលោក គីម ជុងអ៊ុន បានចាត់ទុកសព្វាវុធគីមីជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ខ្លួន ហើយថែមទាំងបានពង្រីកប្រព័ន្ធស្រាវជ្រាវ ជំរុញការអភិវឌ្ឍន៍ និងផលិតកម្មអាវុធប្រល័យលោកនេះ។

ប្រភពបានឱ្យដឹងថា សព្វាវុធគីមីនេះទៀតសោត ក៏ត្រូវបានកូរ៉េខាងជើងចាត់ថ្នាក់ថា ជាអាវុធដ៏ចាំបាច់មិនអាចខ្វះបាន ហើយក៏ជាមធ្យោបាយប្រាកដនិយមបំផុត ក្នុងការត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមទ្រង់ទ្រាយធំក្នុងពេលអនាគត។

ប្រភពបានគូសបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធគីមី រួមជាមួយនឹងអាវុធនុយក្លេអ៊ែរក្នុងពេលមានជម្លោះ ហើយគេជឿជាក់ថា សព្វាវុធគីមីគឺជាអាវុធយុទ្ធសាស្ត្រ ដើម្បីបំផ្លាញទីស្នាក់ការកណ្តាល និងទីតាំងយោធាសំខាន់ៗរបស់សត្រូវជាមុនសិន មុននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមក្រោយ។

គោលដៅវាយប្រហារចម្បងទំនងជាកូរ៉េខាងត្បូង ដែលជាគូសត្រូវសង្គ្រាមដ៏ធំរបស់កូរ៉េខាងជើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ទោះបីជាប្រទេសបងប្អូនកូរ៉េទាំងពីរមិនបានផ្ទុះជម្លោះដោយបើកចំហររាប់ទសវត្សរ៍ក៏ដោយ។

ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងតិច ៥០គ្រាប់នៅក្នុងឃ្លាំងស្តុករបស់ខ្លួន ប្រភពពីរបបកុម្មុយនីស្តមួយនេះបានឱ្យដឹងទៀតថា កូរ៉េខាងជើងតែងតែអួតអាងជាសាធារណៈអំពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានលាក់ការសម្ងាត់ពីរឿងអភិវឌ្ឍអាវុធគីមីដ៏សាហាវ។

នៅចម្លោះឆ្នាំ២០២២-២០២៤ កូរ៉េខាងជើងបានពង្រីកយ៉ាងខ្លាំងនូវប្រព័ន្ធសព្វាវុធមានភាពជាក់លាក់របស់ខ្លួន ក៏ដូចជាបង្កើនចំនួនខ្សែសង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិយ៉ាងពេញលេញ។ កូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា កូរ៉េខាងជើងមានឃ្លាំងស្តុកអាវុធគីមីពី ២.៥០០ ទៅ ៥.០០០តោន ដោយកម្មវិធីនេះផ្តោតសំខាន់លើសារធាតុ cyanide, mustard, phosgene, sarin និង VX។

VX ដែលជាសារធាតុបំពុលប្រព័ន្ធប្រសាទក៏គ្រោះថ្នាក់បំផុត ត្រូវបានគេជឿជាក់ថា ត្រូវបានប្រើប្រាស់សម្លាប់បងប្រុសម្តាយទីទៃរបស់លោក Kim គឺលោក Kim Jong-nam ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា គាត់បានគំរាមកំហែងដល់របបផ្តាច់ការមួយនេះ។

របាយការណ៍ដែលចេញផ្សាយដោយសាជីវកម្ម Rand នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ ក៏បានលើកឡើងពីការព្រួយបារម្ភ អំពីកម្មវិធីអាវុធគីមីរបស់កូរ៉េខាងជើងផងដែរ ដោយប៉ាន់ស្មានថា ការវាយប្រហារដោយសារធាតុ Sarin ចំនួន ១.០០០គីឡូក្រាម អាចសម្លាប់មនុស្សរហូតដល់ ១២៥.០០០នាក់។

ឃ្លាំងអាវុធគីមីនៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានគ្រប់គ្រងដោយការិយាល័យការពារនុយក្លេអ៊ែរ-គីមី ដែលស្ថិតនៅក្នុងជួរកងទ័ព និងត្រួតពិនិត្យដោយកងពលតូចអាវុធគីមីចំនួន៧ ដែលគ្រប់គ្រងការវាយប្រហារគីមី ការកំចាត់មេរោគ និងការការពារ៕

ប្រភព ៖ The Telegraph