ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន៣ និងការងារឆ្ពោះទៅមុខក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។
កិច្ចប្រជុំនារៀបចំឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង ៣១ ការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំ ពិភាក្សាលើការរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិំ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕
Leave a Reply