បរទេស ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu កាលពីថ្ងៃអាទិត្យ បានទៅផ្តល់សក្ខីកម្ម នៅក្នុងការកាត់ក្តី លើសំណុំរឿង ពុករលួយ។
លោក Benjamin Netanyahu បានទៅដល់តុលាការ ក្នុងទីក្រុង Tel Aviv សម្រាប់សវនាការថ្មី មួយទៀត។ លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ ពីបទសូកប៉ាន់, ការក្លែងបន្លំ និងការរំលោភ លើទំនុកចិត្តសាធារណៈ នៅក្នុងករណី បី ដាច់ដោយឡែកពីគ្នា ហើយលោក គឺជានាយករដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលប្រឈមមុខ នឹងការកាត់ក្តីព្រហ្មទណ្ឌ។
កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី អ៊ីស្រាអែលរូបនេះ បានស្នើសុំតុលាការ ពន្យារពេលការផ្តល់សក្ខីកម្ម របស់លោក នៅក្នុងការកាត់ក្តីពុករលួយដ៏យូរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យលុបចោល សំណុំរឿងនេះ ទាំងស្រុង។
នៅក្នុងឯកសារមួយ ផ្ញើទៅកាន់សាលាក្តី លោក Amit Hadad មេធាវី របស់លោក Netanyahu បានរៀបរាប់ថា សក្ខីកម្មរបស់នាយករដ្ឋមន្ត្រី គួរតែត្រូវបានពន្យារពេល ដោយសារ «ការវិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក»។
ឯកសារនេះ បានឲ្យដឹងថា «តុលាការត្រូវបានស្នើសុំ ដោយគោរព ដើម្បីបញ្ជាឱ្យលុបចោលសវនាការ ដែលនាយករដ្ឋមន្ត្រី គ្រោងនឹងផ្តល់សក្ខីកម្ម ក្នុងរយៈពេល ពីរសប្តាហ៍ ខាងមុខនេះ»៕
ប្រភពពី AFP
Leave a Reply