នាវាមុជទឹក-នុយក្លេអ៊ែរអាមេរិកនឹងចូលបម្រើយោធាវិញនៅឆ្នាំ២០២៦

វ៉ាស៊ីនតោន ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មានឈ្មោះថា USS Connecticut ឬ ហៅកាត់ SSN-22 របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានរំពឹងថា នឹងវិលត្រលប់មកបម្រើក្នុងជួរកងទ័ពជើងទឹកវិញនៅចុងឆ្នាំ២០២៦ ឬនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ បន្ទាប់ពីជួបឧប្បត្តិហេតុពេលធ្វើប្រតិបត្តិការនៅដែនទឹកអន្តរជាតិក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យោងតាមសារព័តមាន The Warzone បានរាយការណ៍ថា បច្ចុប្បន្ននាវា SSN-22 កំពុងមានវត្តមានស្ថិតនៅទីតាំងផលិតនាវា Puget Sound Naval Shipyard នៃរដ្ឋធានី Washington ដើម្បីជួសជុល និងកែលម្អការងារផ្សេងៗទៀត បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបើកបុកភ្នំក្រោមបាតសមុទ្រនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ។

ទន្ទឹមនោះ រ៉េអាក់ទ័រនុយក្លេអ៊ែ និងប្រព័ន្ធស្លាបចាក់របស់នាវាមុជទឹកប្រភេទ Seawolf-Class មិនមានការខូចខាត ពីព្រោះតែបើកការបុកនេះទេ។ ប៉ុន្តែក្នុងនោះ មានការខូចខាតដល់ផ្នែកខាងមុខ និងបាតនៃនាវា ដែលនាំឲ្យនាវា SSN-22 បើកឡើងលើទឹក និងធ្វើដំណើររយៈពេលមួយសប្តាហ៍ទៅកាន់កោះ Guam ដើម្បីជួសជុល ខណៈសមាជិកនាវិកជាង ១១នាក់បានរងរបួស។

តម្លៃប៉ាន់ស្មាននៃការជួសជុលនាវា SSN-22 គេនៅពុំទាន់ដឹងនៅឡើយទេ ប៉ុន្តែសភាអាមេរិកបានអនុម័តលើកញ្ចប់ថវិកាចំនួន ៤០លានដុល្លារសម្រាប់ការជួសជុលសង្គ្រោះបន្ទាន់ និង ១០លានដុល្លារទៀតសម្រាប់ការកែលម្អថ្មីកាលពីឆ្នាំ២០២១ ប៉ុន្តែនេះគ្រាន់តែជាតម្លៃប៉ាន់ស្មានដែលគេរំពឹងទុកប៉ុណ្ណោះ។

សូមបញ្ជាក់ថា SSN-22 ជានាវាមុជទឹកមានតម្លៃថ្លៃជាងគេបំផុតមួយ ក្នុងចំណោមនាវាមុជទឹកប្រភេទ Seawolf-Class របស់កងទ័ពជើងទឹកអាមេរិក មានតម្លៃខ្ទង់ ១០ពាន់លានដុល្លារក្នុងមួយគ្រឿង ជាមួយនឹងសមត្ថភាពវាយប្រហារនុយក្លេអ៊ែរក្នុងល្បឿនលឿន។

នាវា SSN-22 ត្រូវបានអាមេរិកផលិតឡើងក្នុងខែធ្នូ ឆ្នាំ១៩៩៨ ដោយក្រុមហ៊ុន General Dynamics Electric Boat Division ក្នុងគោលបំណងធ្វើប្រតិបត្តិការនៅសមុទ្រទឹកជ្រៅ ការស៊ើបការណ៍សម្ងាត់ និងធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹកសត្រូវ។

នាវា SSN-22 រចនាឡើងកំឡុងសង្គ្រាមត្រជាក់ ដើម្បីទប់ទល់នឹងនាវាមុជទឹកកម្រិតខ្ពស់សូវៀត។ នាវាមុជទឹកនេះ មានទំហំធំជាង លឿនជាង និងបំពាក់ដោយអាវុធខ្លាំងជាងនាវាមុជទឹកប្រភេទ Los Angeles មុនៗ។ នាវា SSN-22 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសូណា និងបំបាំងកាយកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជានាវាមុជទឹកវាយប្រហារមានសមត្ថភាពខ្ពស់បំផុតក្នុងលោក៕

ប្រភព ៖ The Warzone