សម្តេចធិបតី បញ្ជាបន្ទាន់ឲ្យធនាគារជាតិ ធ្វើការជាមួយធនាគារឯកជន ដើម្បីពិនិត្យប្រាក់ដុល្លារដែលពិបាកចាយ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហា​បន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរិះគន់ និងមានការ​ថ្នាំងថ្នាក់​ចំពោះលុយ​ដែល​ពួកគេបានដកចេញ​ពីធនាគារ​ ដោយសារតែលុយខ្លះប្រឡាក់ ​និង​មាន​ស្នាមអ្វី​បន្តិចបន្តួច​ហើយ​ពិបាកចាយ ដូច្នេះខាង​ធនាគារជាតិត្រូវធ្វើការរឿងនេះជាបន្ទាន់ ធ្វើយ៉ាងណាកុំឲ្យ​បញ្ហានេះ បន្តបង្កើតឡើង​ជាបន្តទៀតនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានលើកឡើងផងដែរថា ​ការដោះស្រាយ​បញ្ហា​បន្តិចបន្ទួច​នេះសម្រាប់ភ្ញៀវទេសចរ ​គឺជាការធ្វើបដិសណ្ឋារកិច្ចមួយដ៏ល្អសម្រាប់ពួកគេ ហើយ​ក៏ជាការទាក់ទាញភ្ញៀវទេសចឲ្យមកលេង​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ទៀតផងដែរ ប្រសិន​បើសេវាកម្មយើងល្អ និងពុំផ្តល់ភាពរកាំរកូសដល់ពួកគេនោះ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានឆើ្លយតបចំពោះការ រិះគន់មួយ​ចំនួនទាក់ទង នឹងភាព​ស្ងៀមស្ងាត់​ភ្ញៀវទេសចរនៅខេត្តសៀមរាបផងដែរ ដោយ​សម្តេច បានការពារចំពោះភាពរិះគន់នេះថា វិស័យទេសចរណ៍​ប្រៀប​បាន​ដូចជាវិស័យកសិកម្ម​យ៉ាង​ដូច្នេះដែរ ពោលគឺវា មានរដូវកាលរបស់វា ​ដូចខ្លះ ឬខែខ្លះមានភ្ញៀវតិច និងខ្លះមានភ្ញៀវច្រើនជាដើម ពុំមែនមកពីការដឹកនាំ​របស់ក្រសួងទេសចរណ៍​ ឬស្ថាប័ន​ណា​មួយនោះទេ៕អត្ថបទ៖ បាន ចក់