[UPDATE] សេវាសម្ងាត់បានប្រទះឃើញអ្នកបាញ់លោក Trump នៅលើដំបូលអគារ ២០ នាទីមុនការបាញ់ប្រហារផ្ទុះឡើង

មន្ត្រីអនុវត្តច្បាប់ និងសមាជិកសភាជាច្រើនរូប បានផ្ដល់របាយការណ៍អំពីហេតុការណ៍បាញ់ប្រហារថា ក្រុមមន្ត្រីអនុវត្តច្បាប់ដែលកំពុងស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាតលើលោក Donald Trump បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធសប្ដាហ៍នេះថា មានរយៈ២០ នាទី នៅចន្លោះពេលវេលាដែលកងកម្លាំងបាញ់ស៊ីបរបស់សេវាសម្ងាត់អាមេរិកបានប្រទះឃើញខ្មាន់កាំភ្លើងជាលើកដំបូងនៅលើដំបូលអគារ និងពេលវេលាដែលខ្មាន់កាំភ្លើងបាញ់ទៅលើអតីតប្រធានាធិបតី រូបនេះ ។

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងបាញ់ស៊ីប បានប្រទះឃើញជនសង្ស័យឈ្មោះ Thomas Matthew Crooks អាយុ២០ ឆ្នាំនៅលើដំបូលអគារមួយនៅខាងក្រៅតំបន់សន្តិសុខ នៅឯការជួបជុំយុទ្ធនាការជាមួយក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍នៅទីក្រុង Butler រដ្ឋ Pennsylvania វេលាម៉ោង ៥និង៥២នាទីល្ងាច ថ្ងៃសៅរ៍សប្ដាហ៍មុន ។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១២នាទីល្ងាច។ពោលគឺ២០នាទីក្រោយពេលឃើញខ្មាន់កាំភ្លើងនៅលើដំបូលអគារ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីការបាញ់ប្រហារ សេវាសម្ងាត់បានស្ថិតនៅក្រោមសម្ពាធឲ្យត្រួតពិនិត្យឡើងវិញសម្រាប់ការឆ្លើយតបរបស់ខ្លួនចំពោះការប៉ុនប៉ងធ្វើឃាត ហើយប្រធានទីភ្នាក់ងារគឺ លោកស្រី គីមប៊ើលី ជីថល (Kimberly Cheatle) ត្រូវបានកោះហៅឱ្យផ្តល់សក្ខីកម្មនៅចំពោះមុខសភា។ អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិបាននិយាយថាលោកស្រី ស្វាគមន៍ឱកាសដើម្បីផ្តល់សក្ខីកម្ម។

ការស៊ើបអង្កេតពីពេលវេលានេះ បានកើតឡើង ខណៈប្រភពនានាបានប្រាប់ទូរទស្សន៍ ABC News ថា ក្មាន់កាំភ្លើង Crooks បានស្វែងរកនៅលើទូរស័ព្ទរបស់គេ រករូបភាពរបស់ប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតី Trump ហើយបានស្វែងរកកាលបរិច្ឆេទនៃការជួបជុំរបស់លោក Trump នៅទីក្រុង Butler និងសម្រាប់កាលបរិច្ឆេទនៃសន្និបាតជាតិបក្សប្រជាធិបតេយ្យនៅទីក្រុង Chicago ហើយរហូតមកដល់ពេលនេះពុំបានរកឃើញ ភស្តុតាងដែលនាំឲ្យរូបគេឈានដល់ការបាញ់ប្រហារលោកTrump នៅឡើយទេ ៕