អគ្គនាយកស៊ីម៉ាក់៖ក្នុងសង្រ្គាម៥ថ្ងៃភាគីថៃបានប្រើកាំភ្លើងធំ១១៥មម អមដោយកូនគ្រាប់បែកចង្កោម

ឯកឧត្តម ហេង រតនា ប្រតិភូទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាព​កម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) នៅព្រឹកថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០២៥ បានបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់​លោក​ដោយ​បង្ហាញអំណះអំណាងថា តាមការស្រាវជ្រាវនិងកំណត់តំបន់រងផល​ប៉ះពាល់​ដោយសារគ្រាប់បែកចង្កោម​ ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លង​ទៅថ្មីៗនេះ​ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១១៥មម​ ជាមួយកូនគ្រាប់បែកចង្កោម​ប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម​M46នេះចំនួន៥៦។

លោកអគ្គនាយកបានបង្ហាញពីគ្រោះថ្នាក់ដោយគ្រាប់បែកចង្កោមនេះថា “កូនគ្រាប់បែកចង្កោមដែលបាញ់​ហើយ​មិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។​ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិត​នៅលើដើមឈើ​ ឬលើដំបូលផ្ទះ​ ឬលើដី​ ឬក្នុងដី​ ឬក្នុងទឹកជាដើម”។

ជាមួយរូបភាពជាច្រើនសន្លឹក ឯកឧត្តម ហេង រតនា បានបន្ថែមថា កម្លាំង​អង្គភាពស៊ីម៉ាក់បានរកឃើញ​គ្រាប់បែក​ខាងលើនេះនៅភូមិ​សាស្ត្រមួយចំនួន​ និងកំពុងតែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុមព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វើ​ការបោស​សម្អាតផ្តល់​សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមអគ្គនាយកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃ​ខេត្ត​ព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ​ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម​ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់​ ឬអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត​ ដើម្បីជួយដោះ​ស្រាយជូន។

សូមបញ្ជាក់ថា​ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេស​ចំនួន១២៣ចូលរួម​ក្នុងអនុសញ្ញាអន្តរ​ជាតិមួយនេះ។

ទាក់ទិននឹងការប្រើប្រាស់អាវុធប្រល័យដោយភាគីថៃនេះដែរ ផ្អែកតាម​​ព័ត៌មានកំណត់ត្រា​នៅទិសខេត្តឧត្តរមានជ័យ​នេះ​ ការទម្លាក់គ្រាប់បែកពី​យន្តហោះ​ដោយភាគីថៃមាន​ចំនួន១.៥៤៩គ្រាប់។​ខណៈនេះអង្គភាពស៊ីម៉ាក់ កំពុងដំណើរ​ការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរង​ផល​ប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់​កាំភ្លើង​ធំគ្រប់ប្រភេទ​ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕