ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចាប់ផ្តើមនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨នេះហើយ
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ដោយមានរយៈពេល២ថ្ងៃពេញពោលគឺថ្ងៃទី២៨ និង ២៩ ខែ សីហា ឆ្នាំ ២០២៥។
ចាប់តាំងតែពីព្រឹកព្រលឹមម៉ោងជិត៦ព្រឹកបេក្ខជន ម្នាក់ៗបាន រូតរះប្រញាប់ប្រញាល់មកកាន់មណ្ឌលប្រឡងយ៉ាងត្រៀមត្រា។នៅតាមមណ្ឌលប្រឡង គ្រប់រាជធានី ខេត្ត មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច រួមនិងអង្គភាពប្រឆាំងអំពើពុករលួយខណៈយ៉ាងម៉ត់ចត់ក្រោមពាក្យស្លោកថា“អ្នកចេះ គឺជាប់”។
ជាមួយគ្នានក្រសួងអប់រំនាព្រឹកថ្ងៃទី ២៨ ខែសីហានេះបានបង្ហោះសកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡង នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។
ជាមួយការបង្ហាញសកម្មភាពនេះដែរ ក្រសួងអប់រំយុវជន និងកីឡាក៏បានក្រើនរំលឹកប្រាប់ដល់បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០នាក់ ស្រី ៨១ ៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ ស្រី ២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២នាក់ ស្រី ៥៦ ៩២៣នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ចំពោះមណ្ឌលសំណេរមានចំនួនសរុប ២៤១មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា ១ ៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៦៩មណ្ឌល ត្រូវជា ៤ ២៦៩បន្ទប់។ ដោយឡែកមណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ ។
ក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះត្រូវប្រព្រឹត្តទៅដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺជាប់”៕
Leave a Reply