ប្រទេសចិន បានចាប់ផ្តើមក្បួនដង្ហែយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងថ្ងៃពុធ (៣ កញ្ញា) នេះ ជាការបង្ហាញសាច់ដុំយោធាដែលចេះតែកើនឡើងមិនឈប់ និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន ខណៈលោកប្រធានាធិបតីចិន Xi Jinping ស្វះស្វែងបង្ហាញថា ទីក្រុងប៉េកាំង ជាអ្នកថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ សម័យក្រោយសហរដ្ឋអាមេរិក។
អមដោយសម្ព័ន្ធមិត្តរុស្ស៊ី លោក Vladimir Putin និងលោក Kim Jong Un របស់កូរ៉េខាងជើង ក្នុងពិធីដ៏អធិកអធមតាមកញ្ចក់ទូរទស្សន៍ – លោក Xi បានដើរលើកម្រាលព្រំក្រហមក្នុងដំណើរទៅប្រារព្ធព្រឹត្តិការណ៍ដ៏ឱឡារិកនៅឯទីលានចតុរង្គ ធានអានមិន ក្នុងខួប ៨០ឆ្នាំ នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរ។
នៅក្នុងសំលៀកបំពាក់ដែលស្រដៀងនឹងឈុតពាក់ដោយអតីតមេដឹកនាំ ម៉ៅ សេទុង លោក Xi បានចេញស្វាគមន៍មេដឹកនាំមិនមែនលោកខាងលិចជាង ២០រូប ដែលកំពុងចូលរួមពិធី។ ទស្សនីយភាពក្នុង “ទិវាជ័យជម្នះ” ដ៏អធិកអធមនេះ កើតឡើងនៅពេលដែលជំហរ “យកអាមេរិកជាធំ” របស់លោកប្រធានាធិបតីអាមេរិក Donald Trump និងសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យសម្ព័ន្ធភាពដ៏យូរអង្វែងនានារបស់ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹង។
អ្នកទស្សនាជាង ៥ម៉ឺននាក់ នៅទីលានធានអានមិន បានប្រមូលផ្តុំគ្នាឈរនៅទីនោះ រង់ចាំមើលពិធីដាក់បង្ហាញរយៈពេល ៧០នាទី នៃទ្រព្យសម្បត្តិយោធាផ្លូវអាកាស ទាហានដើរក្បួន ក៏ដូចជាគ្រឿងយុទ្ធោបករណ៍យោធាទំនើបៗ ដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង យានដ្រូន និងរថក្រោះពាសដែកជាដើម៕
Leave a Reply