សត្វជ្រូកទឹក បានបង្ហាញវត្តមាន វិលត្រឡប់មកវិញហើយ នៅប្រជុំកោះកែប
(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ គេបានបានប្រទះឃើញមានវត្តមានសត្វជ្រូកទឹក ស្ថិតនៅក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ ប្រជុំកោះកែប ។នេះបើតាមការឱ្យដឹងពីសំណាក់អង្គការអភិរក្សសមុទ្រកម្ពុជា( MCC)។
អង្គការអភិរក្សសមុទ្រកម្ពុជា( MCC) បានឱ្យដឹងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ក្នុងអំឡុងពេលចុះស្រាវជ្រាវនៅបាតសមុទ្រ ក្នុងនេះអង្គការMCC បានកំណត់សម្គាល់ឃើញនូវដានជ្រូកទឹកស៊ីចំណីថ្មីៗនៅក្នុងតំបន់ស្មៅកាក់សមុទ្រ Halophila sp. ដែលជាចំណីរបស់ជ្រូកទឹកចូលចិត្តស៊ី។
ជុំវិញបញ្ហានេះអង្គការអភិរក្សសមុទ្រកម្ពុជាបានលើកឡើងថា”វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលទៀតនោះ ប៉ុន្មានថ្ងៃក្រោយមក យើងក៏បានអង្កេតឃើញមានការលេចឡើងរបស់ជ្រូកទឹកម្តងទៀតក្នុងអំឡុងពេលបង្ហោះដ្រូន (drone) អស់ប្រមាណជាច្រើនខែមកហើយ”។
ការត្រឡប់មកវិញរបស់ជ្រូកទឹកនេះ គឺជាសមិទ្ធផលមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC និងរដ្ឋបាលជលផល។ ពិសេសជាងនេះទៅទៀតនោះដោយមានការរីកលូតលាស់ឡើងវិញរបស់ស្មៅសមុទ្រ ដែលជាចំណីចម្បងរបស់ពួកគេក្នុងការរស់រានមានជីវិត។
អង្គការអភិរក្សសមុទ្រកម្ពុជា( MCC)បានឱ្យដឹងដែរថា ទោះបីយ៉ាងណាក៏ដោយ វិធីសាស្រ្តនេសាទមួយចំនួនដែលបានជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រភេទជីវៈចម្រុះនៅតែបន្តឃើញមានសកម្មភាពនៅក្នុងតំបន់នេះ ដែលជាហេតុធ្វើឱ្យមានការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ថនិកសត្វប្រភេទនេះ និងជម្រករបស់ពួកវាផងដែរ។ស្របពេលដែលមានការខិតខំប្រឹងប្រែងជាច្រើនត្រូវបានអនុវត្តរួចហើយ ប៉ុន្តែយើងក៏ត្រូវតែបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីរកដំណោះស្រាយចំពោះផលប៉ះពាល់ និងធានាបាននូវបរិស្ថានដ៏មានសុវត្ថិភាពសម្រាប់សត្វជ្រូកទឹកក្នុងដែនសមុទ្រកម្ពុជាយើង ៕
Leave a Reply