ចារកម្មកូរ៉េខាងត្បូងថា ទាហានកូរ៉េខាងជើង ២ ពាន់នាក់ចោលជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សេអ៊ូល ៖ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ ដោយយោងតាមប្រភពពីទីភ្នាក់ងារចារកម្មបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទាហានកូរ៉េខាងជើងប្រហែល ២.០០០ នាក់ ដែលបញ្ជូនទៅជួយរុស្ស៊ីប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន ត្រូវបានគេជឿជាក់ថា ត្រូវបានសម្លាប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។

មូលហេតុដែលកូរ៉េខាងជើងបញ្ជូនទាហានទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺដោយសារតែរុស្ស៊ី និង កូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាទ្វេភាគីកាលពីឆ្នាំមុន រួមទាំងការការពារគ្នាទៅវិញទៅមក អំឡុងទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតី ពូទីន ទៅកាន់កូរ៉េខាងជើង។

សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បាននិយាយកាលពីខែមេសាថា ចំនួនអ្នកស្លាប់ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន គឺយ៉ាងហោចណាស់ ៦០០ នាក់។ ប៉ុន្តែផ្អែកតាមការវាយតម្លៃថ្មីៗ បានប៉ាន់ប្រមាណថា តួលេខនេះ ទំនងជាកើនឡើងថែមទៀតដល់ ២.០០០ នាក់ នេះបើតាមសម្តីរបស់សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទសង្ខេបរបស់ទីភ្នាក់ងារចារកម្ម។

ទន្ទឹមគ្នា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និង លោកខាងលិចបានលើកឡើងថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២៤ ពិសេសទៅកាន់តំបន់ Kursk រួមជាមួយនឹងកាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ។

បើតាមការអះអាងរបស់លោក Lee, ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទាហាន និងវិស្វករចំនួន ៦.០០០ នាក់ទៀតទៅកាន់រុស្ស៊ី ក្នុងនោះ ១.០០០ នាក់បានទៅដល់រុស្ស៊ីរួចហើយ។

គួរកត់សម្គាល់ កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូង ពីការដាក់ពង្រាយកងទ័ពរបស់ខ្លួន ដើម្បីគាំទ្រដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែមេសា ហើយបានសារភាពថា ទាហានខ្លួនជាច្រើនត្រូវបានសម្លាប់។

ចាប់តាំងពីពេលនោះមក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយក្រុមគ្រួសារទាហានដែលបានពលីជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការឈឺចាប់ដែលមិនអាចទទួលយកបាន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញរូបភាពដ៏កម្ររបស់លោក គីម ជុងអ៊ុន ឱបទាហានរបស់ខ្លួនដែលវិលត្រឡប់ពីរុស្ស៊ីវិញ ក្នុងទឹកមុខយ៉ាងក្រៀមក្រំ។ លើសពីនេះ លោក គីម ថែមទាំងបានអង្គុយលុតជង្គង់នៅមុខរូបថតទាហានពលីជីវិត ដើម្បីជាការគោរព ការបំពាក់មេដាយ និងកម្រផ្កាផងដែរ៕

ប្រភព ៖ AFP