លោក ត្រាំ នឹងចរចាជាមួយលោកពូទីន ជាថ្មី

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ថា លោកនឹងចរចាជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាថ្មីទៀត ក្នុងពេលឆាប់ៗនេះ។

ការប្រកាសបែបនេះ បានធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky និង មេដឹកនាំអឺរ៉ុប កាលពីព្រឹក ថ្ងៃព្រហស្បតិ៍។

អំឡុងជំនួបអាហារពេលល្ងាច ជាមួយ បណ្តានាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏លេចធ្លោ របស់សហរដ្ឋអាមេរិក នៅឯសេតវិមាន ក៏មានអ្នកយកព័ត៌មាន សួរសំណួរ ទៅកាន់លោក ត្រាំ ថា តើ លោកនឹងជួបជាមួយមេដឹកនាំ វិមានក្រឹមឡាំង នាពេលខាងមុខ ទៀតទេ? លោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងធ្វើមែន»។

ក្នុងដំណើរការ ចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ជាង៣ឆ្នាំ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបទាំងលោក ពូទីន និង លោក Zelensky លើទឹកដីអាមេរិក កាលពីខែសីហា។ ប៉ុន្តែ មិនដល់ពេលនេះ ពុំទាន់មានតម្រុយណាមួយ ច្បាស់លាស់ ឈានដល់បទឈប់បាញ់ ឬ បញ្ចប់សង្គ្រាម នៅឡើយទេ។

យ៉ាងណា លោក ត្រាំ បានព្រមានថា រុស្ស៊ីនឹងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ ពុំធ្លាប់មាន បើមិនព្រមជំរុញដំណើរការ ឈានដល់ការបញ្ចប់សង្គ្រាម ទេនោះ៕

ប្រភពពី AFP