ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ បានការពារការសម្រេចចិត្តអញ្ជើញ មេដឹកនាំ រុស្ស៊ី និង កូរ៉កូរ៉េខាងជើងចូលរួមពិធីរំលឹកខួបសង្គ្រាមលោក លើក ទី២ ដោយបានច្រានចោលការចោទប្រកាន់របស់លោកប្រធានាធិបតី Donald Trump ដែលថា ពួកគេសមគំនិតគ្នាប្រឆាំងនឹង សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់ក្នុងសន្និសិទសារព័ត៌មានថា មេដឹកនាំបរទេសជាច្រើនត្រូវបានអញ្ជើញឱ្យចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធ្វើការរួមគ្នាជាមួយប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាព ដើម្បីចងចាំប្រវត្តិសាស្រ្ត ស្រឡាញ់សន្តិភាព និងបង្កើតអនាគតមួយដ៏ភ្លឺស្វាង។
លោក Guo បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ទំនាក់ទំនងការទូតរបស់ចិនជាមួយប្រទេសណាមួយ គឺមិនដែលមានទិសដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ។
ការអះអាងបែបនេះលោក Guo ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា មេដឹកនាំចិន កូរ៉េខាងជើង និងរុស្ស៊ី បានឃុបឃត់ និង ផ្សំគំនិតគ្នាប្រឆាំងសហរដ្ឋអាមេរិក។
ការចោទប្រកាន់របស់លោក Trump នេះ ធ្វើឡើងអំឡុងប្រមុខរដ្ឋទាំងបីបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ដើម្បីចូលរួមកម្មវិធីព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មាន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថា ទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា៕
ប្រភព ៖ AFP
Leave a Reply