ក្រុម G7 ប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែន ខណៈអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា

រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ (G7) កាលពីថ្ងៃពុធ (២៤ កញ្ញា) បានសន្យាថានឹងបន្តបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈជំរុញឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប និងគាំទ្រឱ្យបង្កើតបេសកកម្មសន្តិសុខអន្តរជាតិថ្មីមួយនៅក្នុងប្រទេសហៃទី ដែលជួបវិបត្តិ។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសទាំង៧ ពោលគឺកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក រួមជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានសម្តែងក្ដីបារម្ភលើការរំលោភដែនអាកាស “មិនអាចទទួលយកបាន” ពីរុស្ស៊ី លើអេស្តូនី ប៉ូឡូញ និងរូម៉ានី។ ពួកគេព្រមានថា សកម្មភាពបែបនេះប្រថុយនឹងការបំផ្លាញសន្តិសុខអន្តរជាតិ។

សេចក្តីថ្លែងការណ៍រួមនេះបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ G7 និងអឺរ៉ុប ចំពោះ “សន្តិភាពយូរអង្វែង និងអ៊ុយក្រែនដែលរឹងមាំ ឯករាជ្យ អធិបតេយ្យភាព និងវិបុលភាព” ដោយសន្យាថា នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ “ការធានាសន្តិសុខដ៏រឹងមាំ និងគួរឱ្យជឿជាក់” ដល់ទីក្រុងគីវ។

ទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា G7 បានសង្កត់ធ្ងន់លើ “ភាពបន្ទាន់នៃការសម្រាលទុក្ខវេទនាដ៏ធំធេងរបស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តាមរយៈលំហូរនៃជំនួយមនុស្សធម៌” និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់។ មន្រ្តីជាន់ខ្ពស់ទាំងអស់នោះក៏បានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ៕