អត្តពលិកជិត ៣ពាន់នាក់ បានចុះឈ្មោះរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នាសប្ដាហ៍ក្រោយ

នៅសល់​រយៈពេលប្រមាណ ២សប្ដាហ៍ទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ​ចក្រភ​ព​អង្គរ លើកទី៩ នឹងមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្ត​សៀមរាប ដោយមានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណជិត ៣ពាន់នាក់ បានចុះ​ឈ្មោះ​រួច​រាល់​ចូល​រួម​ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងកម្ពុជា បាន​ឲ្យ​ដឹង​ថា គិតមកទល់ពេលនេះ គណៈកម្មការបានទទួលការចុះឈ្មោះប្រមាណជាង ២,៩០០​នាក់​ហើយ ដែលមកពីជិត ៤០ប្រទេសលើពិភពលោក ក្នុងនោះជនបរទេសចូលរួមច្រើនជាងគេ គឺ​មាន​ជប៉ុន ឈរលេខ២ ចិន ឈរលេខ២ និងវៀតណាម ឈរលេខ៣ ។

យ៉ាងណាមិញសម្ភារៈសម្រាប់សម្គាល់កីឡាករ-កីឡាការិនីចូលរួមរត់ ក៏ជិតអស់ដែរ ។ ហេតុនេះ ក្នុង​នាមគណៈកម្មការរៀបចំ បានសំណូមពរដល់អ្នកមិនទាន់ចុះឈ្មោះ ត្រូវរា​ន់​ចុះ​ឈ្មោះឲ្យ​បា​ន​លឿន ព្រោះចំនួនសម្ភារៈនៅសល់មានកំណត់ ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ក្រោយ​ទទួល​បាន​ការអនុញ្ញាត និងគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដើម្បីរួម​ចំណែក​ទាក់​ទាញភ្ញៀវទេសចរទៅលេងខេត្តសៀមរាប ពិសេសអំឡុងខែភ្លៀង ដែលពុំសូវមានអ្នក​ទៅ​កម្សាន្ត​នៅទីនោះ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្លាប់​បាន​គូស​បញ្ជាក់​ថា រដូវភ្លៀង ឬហៅថា Green Season ខេត្តសៀមរាប មិនសូវមានភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នោះឡើ​យ ដូច្នេះប្រាក់ចំណូល និងអាជីវកម្មផ្សេងក៏មានការធ្លាក់ចុះដែរ ។ ហេតុនេះ ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក្នុងគោលបំណង​ដើម្បី​រួម​ចំណែក​ទាក់​ទាញ​ទេសចរណ៍ផ​ង និងជួយសេដ្ឋកិច្ចឲ្យល្អប្រសើរមួយកម្រិត តាមរយៈការចូលរួមរត់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ នេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប លើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ ៕ អត្ថបទ លី ឈុនឡា