ការដកខ្លួនចេញរបស់លោក Biden បង្កការព្រួយបារម្ភក្នុងចំណោមជនអន្តោប្រវេសន៍ និងវិស័យធុរកិច្ចម៉ិកស៊ិក

ជនអន្តោប្រវេសន៍ និងប្រជាជនក្នុងវិស័យធុរកិច្ចនៅប្រទេសម៉ិកស៊ិក បានសម្តែងការព្រួយបារម្ភរបស់ពួកគេ អំពីអនាគតនៃវិធានការអន្តោប្រវេសន៍ និងឧស្សាហកម្មធុរកិច្ច បន្ទាប់ពីការដកខ្លួនចេញរបស់ ប្រធានាធិបតី លោក Joe Biden ពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។

នៅទី ជម្រកមួយកន្លែង ក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez ជនអន្តោប្រវេសន៍ ព្រួយបារម្ភថា ការដកខ្លួនរបស់លោក Biden នឹងជំរុញឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump មានឱកាសទទួលជ័យជម្នះក្នុងការប្រកួតប្រជែងនេះ។

ជនអន្តោប្រវេសន៍ ជឿថា ជ័យជម្នះរបស់លោក Trump នឹងបញ្ចប់ប្រព័ន្ធសម្រាប់ការទទួលបានសិទ្ធិជ្រកកោនតាមរយៈកម្មវិធី CBP One ជាកម្មវិធីមួយត្រូវបានប្រើប្រាស់ដោយអ្នកស្វែងរកសិទ្ធិជ្រកកោនដើម្បីចូលទៅកាន់សហរដ្ឋអាមេរិកដោយស្របច្បាប់ ដែលរដ្ឋបាលរបស់លោក Biden បានបង្កើតឡើងដើម្បីគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក ដែលលោកTrump បាននិយាយថាលោកនឹងស្តារឡើងវិញកម្មវិធី «Remain in Mexico» ឆ្នាំ២០១៩ ហៅជាផ្លូវការថា ពិធីសារទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលបានបង្ខំឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោន មិនមែនជាជនជាតិម៉ិកស៊ិក ដែលប៉ុនប៉ងចូលសហរដ្ឋអាមេរិក នៅព្រំដែនភាគខាងត្បូង ត្រូវរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក សម្រាប់ការដោះស្រាយករណីរបស់ពួកគេ។ លោក Trump ក៏នឹងដាក់ឱ្យដំណើរការឡើងវិញនូវគោលនយោបាយមាត្រាទី៤២ នៅសម័យកាលកូវីដ-១៩ ដែលអនុញ្ញាតឱ្យអាជ្ញាធរព្រំដែនសហរដ្ឋអាមេរិក បណ្តេញជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញជាបន្ទាន់ ដោយពុំមានឱកាសទាមទារសិទ្ធិជ្រកកោនឡើយ។ អ្នកប្រកបអាជីវកម្មនៅព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក បាននិយាយថា ការដកខ្លួនរបស់ លោក Biden ចេញពីបេក្ខភាពរបស់លោក បានមកដល់យឺតពេលហើយ។ ពួកគេបាននិយាយថា ចំណាត់ការនយោបាយរបស់គណបក្សប្រជាធិបតេយ្យ បង្កើតភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចសម្រាប់តំបន់ព្រំដែន និងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក។