សេអ៊ូល ៖ កងទ័ពជើងទឹកកូរ៉េខាងត្បូងនិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកមួយគ្រឿង បានចូលចតនៅឯមូលដ្ឋានប្រតិបត្តិការកងទ័ពជើងទឹកមួយ ក្នុងទីក្រុងប៊ូសាន នៅថ្ងៃអង្គារ ស្ថិតក្រោមការឃ្លាំមើលពីកូរ៉េខាងជើង ។
កងទ័ពជើងទឹកកូរ៉េខាងត្បូងនិយាយថា នាវាមុជទឹក USS Greeneville ដែលជាប្រភេទនាវាមុជទឹកចម្បាំង Los Angeles-class បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹក មានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល គឺក្នុងគោលបំណងបំពេញបន្ថែមនូវសម្ភារៈផ្គត់ផ្គង់ និងផ្តល់ការសម្រាកដល់ក្រុមនាវិក ។
ការមកដល់នៃនាវាមុជទឹក USS Greeneville កើតឡើងខណៈដែលកងទ័ពជើងទឹកកូរ៉េខាងត្បូង-អាមេរិក មានគំរោងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជាពិសេសពង្រឹងជំហរការពារជាតិរួមគ្នា ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung ដែលបានឈ្នះការបោះឆ្នោតកាលពីខែមិថុនា ។ នាវាមុជទឹក USS Greeneville បានទៅទស្សនកិច្ចកូរ៉េខាងត្បូងចំនួនបីដងរួចហើយ ចាប់តាំងពីឆ្នាំ ២០១៦ ហើយលើកចុងក្រោយនេះ គឺជាលើកទី៤ ។
ជាការឆ្លើយតប កូរ៉េខាងជើងតែងតែរិះគន់ ចំពោះវត្តមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកនៅកូរ៉េខាងត្បូង ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មិនអើពើនឹងបញ្ហាសន្តិសុខរបស់ទីក្រុងព្យុងយ៉ាង និងព្រមានថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយការពារសន្តិសុខជាតិរបស់ខ្លួន ៕
ប្រភព ៖ Anadolu Agency

Leave a Reply