ស៊ុយអែតគ្រោងដំឡើងមីស៊ីល Taurus របស់អាល្លឺម៉ង់ដល់យន្តហោះចម្បាំង Gripen

ស្តុកខុល ៖ ប្រទេសស៊ុយអែតបានប្រកាសក្តែងៗថា ឆាប់ៗនេះ ខ្លួននឹងមានសមត្ថភាពវាយប្រហារផ្លូវអាកាសក្នុងចម្ងាយឆ្ងាយប្រឆាំងនឹងខ្សែត្រៀមជួរក្រោយសត្រូវ បន្ទាប់ពីយន្តហោះចម្បាំង Gripen ត្រូវបានដំឡើងមីស៊ីលបញ្ជាទិស Taurus ដែលផលិតដោយអាល្លឺម៉ង់ មុនការគ្រោងទុក ។

គំនិតផ្តួចផ្តើមនេះ កើតចេញពីឯកសារមួយដែលចេញផ្សាយកាលពីខែកុម្ភៈឆ្នាំនេះ ដោយមន្ត្រីស៊ុយអែតនិយាយថា មីស៊ីលបញ្ជាទិស Taurus KEPD-350 ដែលបាញ់ចេញពីអាកាសតាមរយៈយន្តហោះចម្បាំង JAS39 Gripen C និងD ត្រូវបានរំពឹងថា នឹងដំឡើងរួចរាល់លើកដំបូងនៅឆ្នាំ ២០២៨ ។

ជាមួយគ្នានេះ មេបញ្ជាការទ័ពអាកាសស៊ុយអែត លោកឧត្តមសេនីយ៍ឯក Jonas Wikman និយាយថា វាគឺជាការបោះជំហានដ៏ធំមួយ ដែលនឹងជួយពង្រឹងដល់គោលលទ្ធិ និងគោលគំនិតប្រតិបត្តិការរបស់កងទ័ពអាកាសស៊ុយអែត ។

មីស៊ីល Taurus KEPD-350 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងអាល្លឺម៉ង់ និង ស៊ុយអែត ពោលគឺរវាងក្រុមហ៊ុន MBDA Deutschland របស់អាល្លឺម៉ង់ និង Saab របស់ស៊ុយអែត ។

មីស៊ីលបញ្ជាទិសរយៈចម្ងាយឆ្ងាយនេះ អាចផ្ទុកក្បាលគ្រាប់ទម្ងន់ ៤៨១ គីឡូក្រាម ហើយត្រូវបានរចនាឡើង ដើម្បីបំផ្លាញគោលដៅមានភាពរឹងមាំ និងកប់ជ្រៅគ្រប់ទំហំនៅចម្ងាយលើសពី ៥០០គីឡូម៉ែត្រ ៕

ប្រភព ៖ The defense News