សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យខេត្តកំពង់ធំ

ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី៣ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតតែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា ចំពោះការលះបង់កម្លាំងកាយចិត្ដរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការការពារបូរណភាពទឹកដី ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

វីរយុទ្ធជនដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យសម្រាប់ដោះស្រាយអាហារដល់វីរយុទ្ធជន ក្នុងអំឡុងពេលសម្រាកព្យាបាលនេះផងដែរ។

លើសពីនេះទៅទៀត តាមសំណូមពររបស់មន្ទីរពេទ្យខេត្តកំពង់ធំ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ម៉ាស៊ីនថតឆ្អឹងពេលវះកាត់ (C-Arm) ១គ្រឿង និងម៉ាស៊ីនថតកាំរស្មីអិក្សចល័ត (X-Ray) ១គ្រឿង ជូនមន្ទីរពេទ្យដែលមានតម្រូវការចាំបាច់សម្រាប់សេវាកម្មសុខាភិបាលក្នុងមន្ទីរពេទ្យ៕ ដោយ / គ្រី សម្បត្តិ