យន្តហោះចម្បាំង F-16 ដែលថៃកំពុងប្រើប្រាស់ទម្លាក់គ្រាប់មកលើទីតាំងជាច្រើនរបស់កម្ពុជា គឺជាយន្តហោះចម្បាំងមួយប្រភេទ ដែលត្រូវចំណាយលុយអស់រាប់ម៉ឺនដុល្លារ ក្នុងការចេញប្រតិបត្តិការហោះហើរម្ដងៗ ។
បើតាមគេហទំព័រ Fly Jet Fighter, ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ថៃបានចាយលុយអស់ខ្ទង់ ៦ ម៉ឺន ៤ ពាន់ដុល្លារ នៅពេលបញ្ចេញយន្តហោះចម្បាំង F-16 ឲ្យហោះប្រតិបត្តិការទម្លាក់គ្រាប់បែក និងការការពារដែនអាកាស ។
ក្នុងនោះ ២ ម៉ឺនដុល្លារត្រូវចំណាយលើការចាក់សាំង, ថ្លៃថែទាំ គ្រឿងបន្លាស់ និងអាវុធផ្សេងៗ ។ ប្រភពដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រឹមមួយម៉ោង យន្តហោះចម្បាំង F-16 សេរ៊ីចាស់របស់ថៃ ស៊ីសាំងពី ៣,៥០០ លីត្រទៅ ៥ ពាន់លីត្រ ។
ចំណែក ៤ ម៉ឺន ៤ ពាន់ដុល្លារទៀត គឺជាថ្លៃពាំគ្រាប់បែក ។ F-16 អាចផ្ទុកគ្រាប់បាន ១១ គ្រាប់ ភាគច្រើនជាប្រភេទគ្រាប់បែក MK-82, MK-83 និង MK-84 ជាដើម ។ គ្រាប់បែកត្រកូល MK ទាំងនេះមានតម្លៃប្រមាណ ៤ ម៉ឺនដុល្លារក្នុងមួយគ្រាប់ ។
បើតាមវិទ្យាស្ថានសិក្សាសន្តិភាពអន្តរជាតិ Stockholm, ថៃមានយន្តហោះចម្បាំង F-16 សរុបប្រហែល ៣៨ គ្រឿង ខណៈក្នុងមួយគ្រឿងៗមានតម្លៃពី ៣០ លានទៅ ៤០ លានដុល្លារ និងអាចហោះហើរក្នុងរយៈចម្ងាយពី ៥៥០ ទៅ ១ ពាន់គីឡូម៉ែត្រ ។
យ៉ាងណា អ្នកជំនាញយោធាព្រមានថា យន្តហោះ F-16 ដែលថៃកំពុងប្រើ មិនខ្លាំងក្នុងសមរភូមិសម័យទំនើបនោះទេ ដោយសារតែវាមានចំណុចខ្សោយមួយចំនួន ដូចជា មិនមានបច្ចេកវិទ្យាបំបាយកាយដូចយន្តហោះ F-35 នោះទេ ។
ក្រៅពី F-16, បច្ចុប្បន្នថៃក៏បានប្រើប្រាស់យន្តហោះកូរ៉េខាងត្បូង T-50 ទម្លាក់គ្រាប់មកលើកម្ពុជាផងដែរ ។ អ្នកជំនាញមើលឃើញថា ការងាកទៅប្រើយន្តហោះរបស់កូរ៉េខាងត្បូងនេះ គឺដោយសារតែ F-16 មានតម្លៃប្រតិបត្តិការខ្ពស់ និងមានអាយុកាលចាស់ទៅហើយ ៕
ប្រភព ៖ Fly Jet Fighter – WION

Leave a Reply