បេរូត ៖ ក្រុមប្រដាប់អាវុធនៅប្រទេសលីបង់ «ហេបូឡាស» បានអះអាង កាលពីថ្ងៃអាទិត្យថា ផែនការរំសាយអាវុធ គឺជាការគប់គិតគ្នា រវាងអាមេរិកនិងអ៊ីស្រាអែល ហើយថែមទាំងបានចោទ អ៊ីស្រាអែល ថា បំពានបទឈប់បាញ់ ដែលសម្រេចបាន កាលពីឆ្នាំមុន។
មេដឹកនាំក្រុម Hezbollah លោក Naim Qassem បាននិយាយថា « នេះគឺជាផែនការដើម្បីទាមទារការគ្រប់គ្រងអាវុធផ្តាច់មុខ ខណៈពេលដែលអ៊ីស្រាអែល កំពុងប្រព្រឹត្តអំពើឈ្លានពាន ហើយអាមេរិកកំពុងដាក់ឆន្ទៈ លើប្រទេសលីបង់ ដោយដកហូតអំណាចរបស់ខ្លួន មានន័យថា អ្នកមិនធ្វើការដើម្បីផលប្រយោជន៍លីបង់ ប៉ុន្តែ ជាផលប្រយោជន៍ នៃអ្វីដែលអ៊ីស្រាអែល ចង់បាន»។
ក្រោមសម្ពាធដ៏ខ្លាំង របស់សហរដ្ឋអាមេរិក និងការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីស្រាអែល យោធាលីបង់ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការរំសាយអាវុធ របស់ក្រុមហេបូឡា នៅភាគខាងត្បូង នៃ ទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែន ជាមួយអ៊ីស្រាអែល នៅចុងឆ្នាំនេះ។ បន្ទាប់មក នឹងដោះស្រាយការរំសាយចលនាគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសផ្សេងទៀត។
ទោះបីជាមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អរិភាព ជាងមួយឆ្នាំ រវាងអ៊ីស្រាអែល និង ក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ អ៊ីស្រាអែលបានបន្តការវាយប្រហារ លើប្រទេសលីបង់ ហើយបានរក្សាកងទ័ព នៅក្នុងតំបន់ចំនួន៥ ដែលចាត់ទុកថា ជាយុទ្ធសាស្ត្រ៕
ប្រភពពី AFP

Leave a Reply