Porsche ប្រមូលឡានជាង ១៧ ម៉ឺនគ្រឿងចូលឃ្លាំងជួសជុលបញ្ហាកាមេរ៉ា

ប៊ែរឡាំង ៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ (NHTSA) បានប្រកាសនៅថ្ងៃពុធថា ក្រុមហ៊ុន Porsche នឹងប្រមូលឡាននៅសហរដ្ឋអាមេរិកចំនួន ១៧៣,៥៣៨គ្រឿងចូលរោងចក្រវិញ ដើម្បីជួសជុលបញ្ហារូបភាពកាមេរ៉ាមើលក្រោយ ។

Porsche គឺជាក្រុមហ៊ុនផលិតឡានប្រណិតរបស់អាល្លឺម៉ង់ ដែលមានឯកទេសខ្ពស់ផលិតឡានស្ព័រ ឡានប្រភេទ SUV និងឡានប្រភេទ sedan ។ ក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ១៩៣១ មានទីស្នាក់ការកណ្តាលនៅទីក្រុងស្ទូហ្គាត ។

ការប្រមូលឡានរាប់ម៉ឺនគ្រឿងចូលរោងចក្រវិញនេះ នឹងប៉ះពាល់ដល់រថយន្តម៉ូដែល Cayenne ផលិតឆ្នាំ ២០១៩-២០២៥, រថយន្ត Cayenne E-Hybrid ផលិតឆ្នាំ២០២០-២០២៥ រថយន្ត Porsche 911 ផលិតឆ្នាំ២០២០-២០២៥, រថយន្ត Taycan ផលិតឆ្នាំ២០២០-២០២៥, រថយន្ត Panamera ផលិតឆ្នាំ២០២៤-២០២៥ និង រថយន្ត Panamera E-Hybrid ផលិតឆ្នាំ២០២៥ ។

ពាក់ព័ន្ធនឹងការប្រមូលឡាន Porsche មកជួសជុល ត្រូវបាននិយតករនិយាយថា រថយន្តទាំងនោះ មិនបានគោរពតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ សម្រាប់ការមើលឃើញខាងក្រោយ ។

ប៉ុន្តែការជួសជុលនេះ គឺគ្រាន់តែជាការធ្វើបច្ចុប្បន្នភាពសូហ៊្វែរប៉ុណ្ណោះ ហើយម្ចាស់រថយន្តទាំងអស់នឹងមិនតម្រូវឱ្យចំណាយប្រាក់នោះទេ ។

គួរកត់សម្គាល់ នេះគឺជាការប្រមូលរថយន្តមកវិញ ដើម្បីសុវត្ថិភាពដ៏ធំបំផុត ដែលប្រកាសដោយក្រុមហ៊ុន Porsche Cars North America ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីការប្រមូលមកវិញកាលឆ្នាំ២០២២ ពាក់ព័ន្ធនឹងបញ្ហាគម្របវីសកែតម្រូវចង្កៀងមុខ ដែលបានបាតធ្វើឱ្យប៉ះពាល់ដល់ឡានចំនួន ២២២,៨៥៨គ្រឿង ៕

ប្រភព ៖ រ៉យទ័រ