ប៉េកាំង ៖ ចិនសម្រេចដកការលើកលែងពន្ធរយៈពេល ៣០ឆ្នាំ លើថ្នាំ និងឧបករណ៍ពន្យារកំណើត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលនេះជាយុទ្ធសាស្ត្រថ្មី មានគោលបំណងជំរុញអត្រាកំណើតក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់ពិភពលោក ។
បើតាមសារព័ត៌មាន The straits times, ចាប់ពីពេលនេះ ស្រោមអនាម័យ និងថ្នាំពន្យារកំណើត ត្រូវបង់ពន្ធលើតម្លៃបន្ថែមចំនួន ១៣ភាគរយ ដែលជាអត្រាស្តង់ដារ សម្រាប់ទំនិញប្រើប្រាស់ភាគច្រើន ។
វិធានការនេះធ្វើឡើង ក្នុងគ្រាដែលចំនួនប្រជាជនរបស់មហាយក្សចិន បានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៤ ខណៈអ្នកជំនាញក៏បានព្រមានដែរថា ការថយចុះនេះ នឹងបន្តមានទៀត ។
សូមជម្រាបថា អត្រាកំណើតរបស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារគោលនយោបាយមានកូនតែម្នាក់ ដែលទីក្រុងប៉េកាំងបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ និងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ។
ម្យ៉ាងវិញទៀត ការចំណាយខ្ពស់លើការថែទាំកុមារ និងការអប់រំ បូករួមភាពមិនប្រាកដប្រជាផ្នែកការងារ និងសេដ្ឋកិច្ច ក៏បានបន្ទច់បង្អាក់ទឹកចិត្តយុវជនចិនជាច្រើន មិនឲ្យចង់រៀបការ និងចាប់ផ្តើមមានគ្រួសារផងដែរ ៕
ប្រភព ៖ The straits times

Leave a Reply