ណៃពិដោ ៖ ការដាំដុះអាភៀននៅប្រទេសមីយ៉ាន់ម៉ា បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ UNODC ។
UNODC និយាយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២៥ បានកើនឡើងដល់ទៅ ១៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះផ្ទៃដីដាំដុះអាភៀនត្រូវបានពង្រីកពី ៤៥,២០០ ហិកតា ដល់ ៥៣,១០០ ហិកតា ។
យ៉ាងណា ទោះបីកើនឡើងផ្ទៃដីដាំដុះក៏ដោយ តែបរិមាណអាភៀនដែលផលិតក្នុងមួយហិចតាមិនបានកើនឡើងទេ ។ តួយ៉ាង ការប្រមូលផលអាភៀនកាលពីឆ្នាំ ២០២៥ បានធ្លាក់ចុះពី ១,០៨០ តោន មកនៅត្រឹមជាង ៩៩៥ តោនប៉ុណ្ណោះ ។
បើតាមការវាយតម្លៃរបស់អង្គការ UNODC, ជម្លោះប្រដាប់អាវុធរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលយោធា គឺជាហេតុផលមួយឲ្យធ្វើឲ្យការផលិតអាភៀនធ្លាក់ចុះ គួបផ្សំនឹងទីផ្សារអាភៀន កាន់តែសម្បូរហៀហូរក្នុងពេល ៣ ឆ្នាំជាប់ៗគ្នា ។
មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេលើពិភពលោក នៅឆ្នាំ ២០២៣ ខណៈអាហ្វហ្គានីស្ថានស្ថិតនៅលំដាប់ទី ២ ៕
ប្រភព ៖ China Daily

Leave a Reply