នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនធំៗចំនួន៧ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាននាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង ៥០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងារ នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនចំនួន៧ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យកសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង និងវិស័យសេវាកម្មជាដើម។
នៅក្នុងវេទិការការងារនេះ លោកស្រី ផូ សុភាព បុគ្គលិកធនធានមនុស្សរបស់ក្រុមហ៊ុន ហ្វ័រវើដ ខេម (Forward Cam) ក្នុងវិស័យកសិកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី២ ដែលសហការជាមួយ NEA ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ដោយមើលឃើញ ពិតជាជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុន ដល់សាធារណជនទូទៅឱ្យបានស្គាល់ផងដែរ។ លោកស្រី បានអំពាវនាវផងដែរទៅកាន់យុវជន និងអ្នកស្វែងរកការងារ ដែលចង់បានការងារឆាប់រហ័ស សូមចូលរួមកម្មវិធីវេទិការការងារនេះ ដើម្បីជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុន។
ដោយឡែក មន្រ្តីផ្នែកជ្រើសរើសបុគ្គលិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ បានលើកឡើងថា ក្រោយការចូលរួមជាមួយ NEA ពិតជាទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាព ទៅតាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។ មន្រ្តីរូបនេះ បានបន្ថែមថា ជំរើសដ៏ប្រសើរ តាមរយៈវេទិការនេះ អ្នកចូលរួមស្វែងរកការងារអាចដាក់ប្រវត្តរូបសង្ខេប (CV) របស់ពួកគាត់តាមក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត ព្រោះមានក្រុមហ៊ុនជាច្រើនបានកំពុងបង្ហាញវត្តមានក្នុងវេទិកាការងារនេះ។
សូមបញ្ជាក់ថា វេទិកាការងារ គឺជាផ្នែកមួយ នៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង៕ដោយ ឈិត បូរ៉ាវី
Leave a Reply